មន្ទីរអប់រំ យុវជន និងកីឡា នឹងបន្តតាមដានអ្នកគ្រូដែលផ្លាស់ទាំងបង្ខំទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ បើនៅតែបន្តកំហុស នឹងលុបចេញពីក្របខណ្ឌ។
រយៈពេល ១៥ ថ្ងៃ ក្រោយការប្រជុំសម្រេចរបស់ក្រុមប្រឹក្សាវិន័យ អ្នកគ្រូដែលរងការចោទប្រកាន់ពីការជំរិតទារលុយសិស្ស ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល ដោយត្រូវផ្លាស់ចេញទាំងបង្ខំ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីបន្ថែមនៅព្រឹកនេះថា អ្នកគ្រូបង្រៀនដែលរកឃើញកំហុសក្នុងការជំរិតទារលុយសិស្ស ត្រូវបានសម្រេចរួចរាល់ហើយ ក្នុងរយៈពេល ១៥ ថ្ងៃនេះ ត្រូវផ្លាស់បង្ខំទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ។ ការដាក់វិន័យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រជុំរបស់ក្រុមប្រឹក្សាពិន័យ។
លោកបញ្ជាក់ថា តាមការស្រាវជ្រាវ ពិតជារកឃើញដូចការចោទប្រកាន់មែន ដោយបានទារប្រាក់ពីសិស្ស ជាថ្នូរក្នុងការអនុញ្ញាតិឲ្យចូលរៀន។
លោកប្រធានមន្ទីរបានបន្តថា តាមអនុក្រឹត្យលេខ ១០ វិធានការរដ្ឋបាលទីមួយ មានការស្តីបន្ទោសផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ និងការបង្អាក់ការដំឡើងថ្នាក់។ វិធានទីពីរគឺការលុបឈ្មោះចេញពីក្របខ័ណ្ឌតែម្តង។
វិធានការរដ្ឋបាលពេលនេះគឺផ្លាស់ទាំងបង្ខំ។ លោកថា ក្នុងរយៈពេលមួយឆ្នាំ គាត់ត្រូវកែប្រែកុំឲ្យមានកំហុសជាថ្មី។ វិធានការទីពីររយៈពេលពីរឆ្នាំ បើគាត់នៅតែប្រព្រឹត្តិកំហុសទៀត នឹងបន្តនីតិវិធីនិងលទ្ធភាព ក្នុងការលុបឈ្មោះចេញពីក្របខណ្ឌក្រសួងអប់រំ។
អ្នកគ្រូម្នាក់ដែលបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវបានអាណាព្យាបាលចោទប្រកាន់ដោយបង្ខំឲ្យសិស្សបង់លុយជាថ្នូរនឹងបានចូលរៀន។ ក្រោយការស្រាវជ្រាវរកឃើញកំហុង ក្រុមប្រឹក្សាពិន័យ បានឯកភាពសម្រេចផ្លាស់គាត់ពីសាលាបឋមសិក្សាសន្ធរម៉ុកទៅសាលាបឋមសិក្សាសែនសុខខណ្ឌសែនសុខ។
ការបែកធ្លាយព័ត៌មាននេះកើតឡើង ក្រោយពេលឪពុកម្តាយសិស្សម្នាក់ផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពី អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុកម្នាក់ បង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់ ៦ ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា