Connect with us

ព័ត៌មានជាតិ

កំពុង​បើក​ឡាន​ចែកចាយ​នំ​ក្លែងក្លាយ​តាម​ផ្លូវ​ជាតិ​ ចាប់​បាន​ទាំង​រថយន្ត និង​មនុស្ស បញ្ជូន​ទៅ​ស្នងការ​

បានផុស

នៅ

នំ​ក្លែងក្លាយ​ជិត​៤​០០កេះ និង​មនុស្ស​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាលប្រ​ឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ចនគរបាល​ខេត្តតាកែវ ធ្វើការ​ចុះ​បង្ក្រាប​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ស្ថិតនៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ពេលដែល​កំពុងតែ​ធ្វើ​សកម្មភាព​ចែកចាយ​។​

ប្រតិបត្តិការ​បង្ក្រាប​នំ​ក្លែងក្លាយ​នេះ ​ធ្វើឡើង​នៅ​រសៀល​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​លោក ម៉ាត់ យូសុះ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​និង​សមត្ថកិច្ច​ខេត្តតាកែវ ក្រោម​ការដឹកនាំ​សម្របសម្រួល​បញ្ជា​ផ្ទាល់ពី​លោក ទេព មនិន្ទ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តតាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាត់ យូសុះ បាន​ថ្លែង​ឲ្យ​ដឹងបន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ហេង ឌេរី ឌីស្ទ្រីប្យ៊ូធ័រ សមត្ថ​កិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តតាកែវ​ បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​សាំយ៉ុង​ពាក់​ស្លាក​លេខ​កំពត2A 1349 និង​អ្នកបើកបរ​ឈ្មោះ ចេន ស៊ីមុន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ​និង​អ្នករួមដំណើរ​ឈ្មោះ ជុំ សុ​រី ភេទ​ស្រី​អាយុ​៣២​ឆ្នាំ បញ្ជូនមក​ស្នងការដ្ឋាន​នគរ បាល​ខេត្តតាកែវ​ដើម្បី​ត្រួត​ពិនិត្យ​បន្ត​។​

លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញាបានបន្តថា ក្រោយ​ការត្រួតពិនិត្យ​សមត្ថ​កិច្ច​បាន​រកឃើញ​សម្ភារៈ​រួមមាន​នំ​ម៉ាកnabati ចំនួន​៣៨០​កេះ ហើយ​បើតាម​ការអះអាង​របស់​តំណាង​ក្រុមហ៊ុន នំ​ទាំងអស់​ខាងលើ​ជា​ទំនិញ​ខុសច្បាប់ ពោលគឺពុំមែន​ជា​ទំនិញ​ដែលនាំ​ចេញពី​ក្រុមហ៊ុន​ឡើយ ដូច្នេះ​សមត្ថកិច្ច​បានសម្រេច​ឃាត់​រថយន្ត​និង​សម្ភារៈ​ខាងលើ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​សាកសួរ​បំភ្លឺ​ពី​អ្នកបើកបរ ដើម្បី​បន្ត​នីតិវិធី​តាម​ការសម្រេច​របស់លោក​ព្រះរាជអាជ្ញារង​៕

អត្ថបទ​ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម