នៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបងឲ្យតែកៀកថ្ងៃចូលឆ្នាំប្រពៃណីចិនម្តងៗតែងតែឃើញក្រុមអ្នកមានមុខរបរលក់ផ្កាអង្គាសិល្ប៍ ដាក់តម្រៀបដើមផ្កាជាជួរៗយ៉ាងវែង ដើម្បីតាំងលក់អោយ ប្រជាពល រដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន ដើម្បីទិញយកទៅដាក់តាំងលម្អ និងសែន ដើម្បីលើកជោគជាតារាសី និងនាំសំណាងក្នុងឆ្នាំថ្មី។
ក្រុមអ្នកមានមុខរបរលក់ដើមផ្កាអង្គាសិល្ប៍ បានឲ្យដឹងថា ផ្កាទាំងនេះត្រូវបានកាប់មកពីតំបន់ភ្នំនានាក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ និងបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងដែលមានព្រៃជាប់តំបន់នេះ។
ថ្វីត្បិតតែចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ អ្នកលក់ផ្កាអង្គារសិល្ប៍បានត្អូញត្អែថា ឆ្នាំនេះលក់ផ្កាមិនសូវដាច់នោះទេ ខុសពីរាល់ឆ្នាំ។ ពួកគាត់បាននិយាយថា ប្រហែលមកបញ្ហាជំងឺកូវីដ១៩ហើយ បានជាមិនសូវមានភ្ញៀវមកទិញដូចមុន។ បើសិនជាលក់មិនដាច់នោះទេ ប្រាកដជាខាតបង់ធ្ងន់ហើយ ព្រោះពួកគាត់ខ្លះបានខ្ចីបុលគេដើម្បីធ្វើដើមទុនរកស៊ីរបរនេះក្នុង១ឆ្នាំម្តង។
លោក ចាន់ ដែលដឹកផ្កាអង្គាសិល្ប៍មកពីខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្កាទាំងនេះពួកគាត់កាប់ពីតំបន់ព្រៃ គឺរើសយកដើមណាល្អៗ បែកមែកស្អាតដើម្បីលក់បានថ្លៃ ប៉ុន្តែមិនបានល្អទាំងអស់នោះទេ គឺមានតូចមានធំ។ ចំណែកការថែទាំវិញត្រូវការពេលវេលាចាប់ពី១០ថ្ងៃទៅកន្លះខែដោយបាញ់ទឹកជាប្រចាំ ដើម្បីអោយផ្ការីកទើបលក់បាន។
អ្នកលក់បានបញ្ជាក់ថា តម្លៃផ្កាអង្គារសិល្បិ៍មួយដើមៗលក់ចាប់ពី៥ដុល្លារ៥០ដុល្លារ ឬ លើសពីនេះ ទៅតាមដើមផ្កាល្អឬមិនល្អ និងតាមទំហ៊ំដើមផងដែរ។
អ្នកជាប់សែស្រឡាយចិនដែលនាំគ្នាមកទិញផ្កាអង្គាសិល្ប៍ តាមដងស្ទឹងសង្កែ ខេត្តបាត់ដំបងនោះបានឲ្យដឹងថា ការសែនផ្កាអង្គាសិល្ប៍ គឺធ្វើទៅតាមជំនឿ តៗគ្នា តាមប្រពៃណីយូរមកហើយ គឺសែនដើម្បីលម្អផង សុំសេចក្តីសុខរួចផុតពីទុក្ខទោស និងផ្សងលើករាសី គឺបើដើមផ្កាចាយរីកល្អក្នុងថ្ងៃសែន ការរកស៊ីនឹងកាក់កបក្នុងឆ្នាំថ្មីជាដើម ។
ក្រៅពីអ្នកលក់ផ្កាអង្គារសិល្ប៍ ឃើញមានហាងនានាក្នុងក្រុងបាត់ដំបងក៏ចាប់ផ្តើមលក់សម្ភារៈ និងគ្រឿងលម្អនានា សម្រាប់តុបតែងលម្អតាមលំនៅឋាន ឬ លម្អតាមហាងលក់ទំនិញធំៗ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនព្រោងព្រាតផងដែរ។អាជីវករទាំងនេះក៏បាននិយាយស្រដៀងគ្នានឹងអ្នកលក់ផ្កាអង្គាសិល្ប៍ដែរថាឆ្នាំនេះក៏លក់មិនសូវដាច់ដូចគ្នា។ ចំណែកវិហារចិន ក៏តុបតែងត្រៀមទទួលឆ្នាំថ្មីផងដែរ ។ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមានរយៈពេលបីថ្ងៃ និងចាប់ផ្តើមនៅថ្ងៃទី១២ដល់ថ្ងៃទី១៤ខែកម្ភៈ ខាងមុខ ពោលគឺនៅសល់តែ០៩ថ្ងៃទៀតប៉ុណ្ណោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន