បើទោះបីជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្តរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានបិទបញ្ចប់យ៉ាងណាក៍ដោយ ក៏ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត និងលោកប្រធានសាលាដំបូងខេត្តតាកែវ បានក្រើនរំលឹកទៅដល់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាល ត្រូវពន្លឿននិងដោះស្រាយសំណុំរឿងកុំឲ្យកកស្ទះ ។
ថ្លែងនៅក្នុងសន្និបាតបូកសរុបការអនុវត្តការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានមានប្រសាសន៍ថា កិច្ចការងារពន្លឿន និងដោះស្រាយសំណុះរឿងមិនឲ្យមានភាពយឺតយ៉ាវ ក៏ដូចជាឆាប់បញ្ចប់សំណុំរឿងនីមួយៗ កុំឲ្យនៅយូរ វាជាតួនាទីរបស់យើង ក្នុងនាមជាព្រះរាជអាជ្ញា ក្រឡាបញ្ជី រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឲ្យការងារនេះ ក្លាយជាការងារដែលយើងអនុវត្តឲ្យបានជារៀងរាល់ថ្ងៃ និងឆាប់រហ័ស ពោលគឺជំនុំជម្រះរឿងក្តីឲ្យបានចប់សព្វ។
លោក ជីវ ចាន់តារា បានបន្តថា ការអនុវត្តកិច្ចការងារលើការពន្លឿន និងដោះស្រាយសំណុំរឿងកុំឲ្យកកស្ទះនេះ សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា យកចិត្តទុកដាក់អនុវត្តឲ្យបានល្អ ក្នុងស្មារតីទទួលខុសត្រូវនិងម្ចាស់ការ ដើម្បីឲ្យការងាររបស់យើងបានពន្លឿន ដោះស្រាយសំណុំរឿង ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាពចំពោះភាគីដើមបណ្ដឹងនិងចុងបណ្ដឹង។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំបន្ថែមទៀតទៅដល់ ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ដែលបម្រើការនៅសាលាដំបូង ត្រូវប្រកាន់ភ្ជាប់នូវអកប្បកិរិយាថ្លៃថ្នូរ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ទាំងនៅក្នុងពេលបំពេញការងារ និងនៅក្រៅការងារ ព្រោះយើងម្នាក់ៗជាមន្ត្រីរាជការ ជាអ្នកអនុវត្តច្បាប់ ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ និងសេចក្តីថ្លៃថ្នូរខ្ពស់ ។
ក្នុងឱកាសនោះដែរ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ ក៏បានក្រើនរំលឹក ក៏ដូចជាណែនាំបន្ថែមទៀតផងដែរ ទៅដល់ចៅក្រម ក្រឡាបញ្ជី ក៏ដូចជាមន្ត្រីនៅលេខាធិការដ្ឋានរដ្ឋបាល ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋដែលជាភាគីកូនក្តី ឲ្យបានត្រឹមត្រូវទៅតាមតួនាទី ឋានៈដែលច្បាប់បានកំណត់ ពិសេសមិនត្រូវធ្វើការដោយភាពលំអៀងជាដាច់ខាត ត្រូវធ្វើដោយស្មើភាព ត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ ៖ វីរៈ