លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បន្តអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អ សម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខ។
នេះជាការលើកឡើងរបស់ប្រមុខដឹកនាំជាន់ខ្ពស់របស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅទីស្តីការក្រសួងនាល្ងាចម្សិលមិញ ក្នុងពេលដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅបន្ត ឆ្នាំ២០២១។
ខ្លឹមសារនៃកិច្ចប្រជុំនេះ មានគោលបំណងជាច្រើនចំណុចក្នុងបានផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីខេត្ត និងមន្ទីរក្រសួងសង្គមកិច្ចទាំងអស់ ដើម្បីត្រៀមអនុវត្តនៅផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក៏ដូចជាការពង្រឹងសមត្ថភាព ដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អសម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខ។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងថា ជាមួយនឹងការចាប់ផ្តើមអនុវត្តកម្មវិធីនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតឲ្យមានយន្តការអនុវត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីគាំទ្រផ្នែកបច្ចេកទេស ការសម្របសម្រួល និងការតម្រង់ទិសគោលនយោបាយ។ ចំណែកឯនៅថ្នាក់ក្រោមជាតិវិញរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានតួនាទីក្នុងការកសាងសមត្ថភាព និងផ្សព្វផ្សាយ សម្របសម្រួល ការដោះស្រាយបញ្ហា និងការគាំទ្រដល់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាពនេះតែម្ដង៕
អត្ថបទ៖ វិមាន