Connect with us

ព័ត៌មានជាតិ

ចំណាប់អារម្មណ៍ពលរដ្ឋ ជុំវិញ​ការ​ចាក់​​វ៉ាក់សាំងកូវីដ១៩​

បានផុស

នៅ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេ មានជាង៤២ម៉ឺននាក់ ដែលជាអ្នកធ្វើការមានហានិភ័យខ្ពស់ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អ្នកអនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីអប់រំ មន្ត្រីសុខាភិបាល មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម និងមន្រ្តីផ្សេងៗទៀត។

ទាក់ទងទៅនឹងការទទួលចាក់វ៉ក់សាំងកូវីដ-១៩របស់សាធារណរដ្ឋចិននេះ ត្រូវបានមហាជនបានបង្ហាញ​ទស្សនៈពេញចិត្តចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំងសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋមួយចំនួននៅស្ទាក់ស្ទើរមិនហ៊ានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាធាររដ្ឋចិន​នោះទេ គឺទាល់តែចេញប្រកាសអនុញ្ញាតជាផ្លូវការពី អង្គការសុខភាពពិភពលោក WHO សិន។

យុវជន ទូច សួន ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ជាការល្អដែលរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន នៅពេលពិភពលោកនៅតែរងការរីករាល​ដាលនៃ​វីរុសកូវីដ-១៩នៅឡើយ។

លោក ទូច សួន បាននិយាយថា៖ “ខ្ញុំថាមិនមានបញ្ហាអីទេ ព្រោះវ៉ាក់សាំងនោះគេប្រើទូទៅហើយ ហើយនៅចិនក៏គេចាក់ដែរ។ យើងសំណាងហើយដែលមានវ៉ាក់សាំងចាក់ ម្យ៉ាងការចាក់វ៉ាក់សាំងនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត”។

លោកស្រី សន សំអាន គ្រូបង្រៀនវិទ្យាល័យមួយនៅ ខេត្តកណ្ដាល បាននិយាយថា មានការ​ចាក់វ៉ាក់សាំង​បង្កាកូវីដ-១៩នៅពេលនេះជាការណ៍ល្អ ដោយសារបើមានវ៉ាក់សាំង វាអាចការពារបង្កាមិន​ឱ្យប្រជាពលរដ្ឋ​ឈឺជំងឺកូវីដ-១៩។

លោកស្រី សន សំអាន បានបញ្ជាក់បន្ថែមថា៖ “បើរាជរដ្ឋាភិបាលឱ្យយើងជាប្រជាពលរដ្ឋ​ចាក់វ៉ាក់សាំងទាំងអស់គ្នា ខ្ញុំក៏ទៅចាក់ដែរ គឺចង់ការពារកុំឱ្យឈឺកូវីដដែរ”។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើទៅលើគោលការស្ម័គ្រចិត្ត ហើយការផ្ដល់វ៉ាក់សាំងនេះជាមហិច្ឆតារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការផ្គត់ផ្គង់ និងផ្ដល់ជូនប្រជាពលរដ្ឋ ដើម្បីជួយប្រជាពលរដ្ឋបន្ថែមទៀតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី លើកឡើងថា បច្ចុប្បន្នមានជាង២០០ប្រភេទនៃវ៉ាក់សាំងកូវីដ-១៩ ដោយមានតែវ៉ាក់សាំងជាង១០មុខ ដែលអង្គការសុខភាពពិភពលោកកំពុងធ្វើការវាយតម្លៃ។ ក្នុងនោះមានវ៉ាក់សាំងពីសាធារណរដ្ឋចិន២មុខដែលសុទ្ធតែស្ថិតក្នុងបញ្ជីមានប្រសិទ្ធិភាពខ្ពស់ជាងគេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បែបនេះថា៖ “ខ្ញុំសូមជម្រាបជូនថា វ៉ាក់សាំងដែលនឹងផ្ដល់ជំនួយពីសាធារណរដ្ឋចិននេះ គឺជាវ៉ាក់សាំងដែលកំពុងមានវឌ្ឍនភាពល្អ ដែលអង្គការសុខភាពពិភពលោក​ (WHO) កំពុងតែពិនិត្យឯកសារ និងបច្ចេកទេសទាំងអស់ ដែលបានឆ្លងកាត់ការពិនិត្យលើកទី១រួចហើយ។ គេ [WHO] យល់ឃើញថា មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ទើបគេសម្រេចឱ្យប្រភេទវ៉ាក់សាំងនេះដាក់ចូលទៅក្នុងបញ្ជីពិនិត្យលម្អិតបន្ថែមទៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ អះអាងទៀតថា ថ្វីដ្បិតតែការពិនិត្យរបស់អង្គការសុខភាពពិភពលោកកំពុងមានវឌ្ឍនភាពទៅមុខ តែប្រទេសមួយចំនួនក៏មិនរង់ចាំ [ការប្រកាសវ៉ាក់សាំងកូវីដ-១៩ជាផ្លូវការ] ដែរ ដោយសារមានយន្តការពីរ៖ ទីមួយគឺយន្តការដែលមានការពិនិត្យពីអង្គការសុខភាពពិភពលោក និងយន្តការមួយទៀត គឺអាជ្ញាធរនៅក្នុងប្រទេសនីមួយៗមានសិទ្ធិត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃវ៉ាក់សាំងមុននឹងធ្វើការកំណត់យកវ៉ាក់សាំងណាមួយប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។

រដ្ឋលេខាធីការក្រសួងសុខាភិបាលរូបនេះ បានបង្ហាញថា បច្ចុប្បន្នបណ្ដាប្រទេសនៅលើសាកលលោក​កំពុង​ដណ្ដើមគ្នាទិញ និងទទួលយកវ៉ាក់សាំងកូវីដ-១៩ ដោយសារផលិតភាពវ៉ាក់សាំង​តាម​រោចក្រ​នីមួយៗមានកម្រិត មិនអាចផលិតក្នុងមួយថ្ងៃបានរាប់ពាន់លានដូសទេ។

លោកស្រី មានប្រសាសន៍ថា៖ “អ៊ីចឹង ប្រទេសនីមួយៗខិតខំណាស់ សឹងតែឈ្លោះគ្នា ដើម្បីធ្វើម៉េចទិញ​វ៉ាក់សាំង​ឱ្យ​បានមុន ធ្វើម៉េចឱ្យបានវ៉ាក់សាំងយកមកចាក់ឱ្យប្រជាពលរដ្ឋរបស់ខ្លួន។ សូម្បីនៅសាធារណៈរដ្ឋចិន ដែលជាប្រទេសធំមានលទ្ធភាពបង្កើតវ៉ាក់សាំងកូវីដ-១៩នេះ ក៏គេកំពុងគិតគូរផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រជាពលរដ្ឋរបស់គេដែរ”។

លោកស្រី ឱ វណ្ណឌីន បានកោតសរសើរទឹកចិត្តបណ្ដាប្រទេសម្ចាស់វ៉ាក់សាំង ដែលកំពុងត្រូវការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន តែព្រមផ្ដល់ជូនបណ្ដាប្រទេសផ្សេងៗទៅតាម​ការអំពាវនាវ​របស់អង្គការសុខភាពពិភពលោក។

លោកស្រី មានប្រសាសន៍ថា៖ “អ្វីដែលគេ [អង្គការសុខភាពពិភពលោក] ព្រួយបារម្ភ គឺប្រទេសដែលមានលទ្ធភាពផលិតវ៉ាក់សាំងកូវីដ-១៩ មិនចែករំលែកឱ្យប្រទេសផ្សេងទៀត គឺទុកចាក់សម្រាប់តែប្រជាពលរដ្ឋខ្លួនឯង ទន្ទឹមពេលប្រទេសទាំងនោះមានប្រជាពលរដ្ឋ ច្រើនរាប់រយលាននាក់ ដែលវ៉ាក់សាំងបច្ចុប្បន្នមិនទាន់ផលិតបានសម្រាប់ចាក់ឱ្យមនុស្ស បាន១០០លាននាក់ផង។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកមតិយោបល់ តាមរយៈ កម្ពុជាថ្មី នៅថ្ងៃនេះថា រដ្ឋាភិបាល និងក្រសួងសុខាភិបាលគប្បីយកចិត្តទុកដាក់វិធីសាស្ត្រ៣ចំណុច ចំពោះការទទួល ការផ្ដល់ និងនីតិវិធីក្នុងការទទួលវ៉ាក់់សាំងកូវីដ១៩។

លោក សន ជ័យ បកស្រាយថា៖ “ទី១ ក្រសួងសុខាភិបាលចាំបាច់ធ្វើបច្ចុប្បន្នភាពអំពីគុណភាពវ៉ាក់សាំង​ដែលជួយមកកម្ពុជា មិនថាមកពីចិន ឬប្រទេសផ្សេងនោះទេ គឺពេលនេះពលរដ្ឋ ឬក្រុមគោលដៅដែលនឹងត្រូវប្រើ គឺគេចង់ដឹង។ ទី២ ការផ្តល់អាទិភាពទៅក្រុមដែលប្រឈមជាងគេ តួយ៉ាងប្រជាពលរដ្ឋដែលនៅជាប់នឹងព្រំដែនថៃ និងក្រុមដែលងាយរងគ្រោះដទៃទៀត ដែលខ្វះការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីមេរោគឆ្លង ដូចជាអ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។

លោក សន ជ័យ បន្តថា៖ “ទី៣ រដ្ឋាភិបាលត្រូវធានាថានីតិវិធីនៃការទទួលវ៉ាក់សាំងពិតជាស្របតាម​គោលកាណ៍​​ស្ម័គ្រ​ចិត្តពិតមែន ហើយបើមានអ្វីដែលកើតឡើងផ្ទុយពីគោលការណ៍នេះ ត្រូវមាន​វិធានការបន្ទាន់”។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួល និងទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងនោះវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយមិត្តបរទេស ដែលនឹងទទួលបានពីសាធារណរដ្ឋចិនចំនួន១លានដូស ពីប្រទេសអូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស និង ជំនួយពី COVAX ចំនួន​៧​លាន​ដូ​ស​។

សម្ដេច ហ៊ុន សែន ក៏បាន​សរសេរ​លិខិតស្នើ​ជំនួយ​វ៉ាក់សាំង​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី​រួចហើយដែរ ខណៈ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​មួយទៀត​៕

អត្ថបទ៖ វីរៈ

សូមចូលអានព័ត៌មានពាក់ព័ន្ធ៖ កម្ពុជា​​គ្រោងដាក់ដំណើរការ​ប្រព័ន្ធចុះ​ឈ្មោះ​អ្នក​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ឆាប់ៗ​នេះ

មកស្គាល់ទីតាំងស្តុក​​ទុកវ៉ាក់សាំង​ប្រឆាំងកូវីដ១៩​ នៅ​កម្ពុជា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម