លោក ជា ចាន់តូ បានជំរុញស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រីថ្នាក់ស្រុកនិងឃុំទូទាំងស្រុកសន្ទុកឲ្យបន្តរួមគ្នាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសការទប់ស្កាត់និងលុបបំបាត់សកម្មភាពគ្រឿងញៀននៅតាមមូលដ្ឋានដើម្បីរួមចំណែកធ្វើឲ្យការអនុវត្តផែនការភូមិឃុំមានសុវត្ថិភាពទទួលបានប្រសិទ្ធិភាពខ្ពស់និងផ្ដល់ភាពកក់ក្ដៅជួនដល់ការរស់នៅរបស់ប្រជាជន។
ការជំរុញរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុកនេះធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលស្ដីពីសភាពការណ៍ទូទៅនិងការងារបក្សឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១ដល់ថ្នាក់ដឹកនាំ មន្ត្រីបក្សស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុកដែលប្រារព្វធ្វើនៅថ្ងៃទី៦កុម្ភៈឆ្នាំ២០២១។
នៅក្នុងឱកាសនោះដែរលោកជា ចាន់តូ ក៏បានជំរុញឲ្យមានការពង្រីកកសាងកម្លាំងយុវជនដែលជាបន្តវេនផងដែរក្នុងនោះត្រូវផ្ដល់អាទិភាពដល់កម្លាំងយុវជនជាស្ត្រី។
ជាមួយនេះដែរ លោកបានក្រើនរំលឹកឲ្យបន្តរួបរួមសាមគ្គីគ្នាថែរក្សាស្ថេរភាពនយោបាយនិងសន្តិភាពនិងបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អហើយត្រូវបង្កើនបន្តការប្រុងប្រយត្ន័និងប្រឆាំងដាច់ខាតរាល់ការឧបាយកលណាដែលប៉ុនប៉ងបំផ្លាញរាល់សមិទ្ធផលដែលប្រជាជននិងរាជរដ្ឋាភិបាលបានខិតខំកសាងយ៉ាងលំបាកកន្លងមកនេះ។
លោកជា ចាន់តូ បានបញ្ជាក់ថា «ទោះយើងមានកម្លាំងបន្តវេននិងមន្ត្រីល្អៗយ៉ាងណាដ៏ដោយតែបើខ្វះការសាមគ្គីនិងការឯកភាពគ្នានោះយើងគឺមិនអាចសម្រេចបានដោយជោគជ័យនូវការងារនិងទិសដៅសំខាន់ៗនិងភាពរឹងមាំរបស់គណបក្សបានឡើយ។ដូចនេះដើម្បីសម្រេចឲ្យបាននូវផែនការនិងទិសដៅចំបងៗរបស់បក្សដែលកំពុងដឹកនាំរារដ្ឋាភិបាលឲ្យបានជោគជយ័យនោះកក្តាសំខាន់ដែលត្រូវបន្តយកចិត្តទុកដាក់មុនគេនោះគឺការសាមគ្គីភាព ,គុណធ៌ម និង វិន័យ»។
លោក ជា ចាន់តូ បានស្នើឲ្យមន្ត្រីបក្សតាមមូលដ្ឋានទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ក្នុងទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសនៅពេលបុណ្យចូលឆ្នាំចិន វៀតណាមនាខាងមុខនេះឲ្យបានដោយត្រូវអនុវត្តឲ្យបានដាច់ខាតតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែននិងការណែនាំក្រសួងសុខាភិបាល៕
ដោយ ៖ សំអឿន