លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងបានណែនាំដល់ប្រជាជាតិខ្មែរត្រូវនាំគ្នាថែរក្សាការពារសុខ សន្តិភាពនិងស្ថេរភាពនយោបាយឲ្យបានស្ថិតស្ថេរនិងគង់វង្សដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត។
លោក ជា ចាន់តូ បានមានប្រសាសន៍នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្ដាលស្ដីពីសភាពការណ៍ទូទៅនិងការងារបក្សឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១ដល់ថ្នាក់ដឹកនាំមន្ត្រីថ្នាក់ស្រុក ឃុំ និងក្រុមយុវជនគណបក្សទូទាំងស្រុកស្ទោងថា«កាលណាយើងមានការសាមគ្គីភាព ការឯកភាពគ្នាជាធ្លុងមួយនិងមានសុខសន្តិភាពហើយគឺយើងពិតជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍប្រទេស។ ដូចនេះសុខសន្តិភាពនិងកក្តាសាមគ្គីភាពមានតម្លៃធំធេងណាស់ជាងអ្វីៗទាំងអស់ដែលត្រូវរួមគ្នាថែរក្សាការពារឲ្យគង់វង្ស»។
លោក ជា ចាន់តូ បានលើកឡើងទៀតថា «អ្វីដែលកាន់តែកោតសរសើរទៀតនោះនៅក្នុងស្ថានភាពដែលកម្ពុជាខិតខំការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទោះបីកម្ពុជាជួបករណីខ្លះៗពិតមែនប៉ុន្តែចំនួននេះតិចតួចណាស់បើប្រៀបធៀបនឹងប្រទេសជិតខាងនិងពិភពលោកទាំងមូល»។
លោកបានបន្ថែមទៀតថា កក្តានេះបានមកដោយសារប្រជាជនយើងម្នាក់ៗសុទ្ធតែមានស្មារតីសាមគ្គីភាពនិងមានការចូលរួមព្រមគ្នាៗព្រមទាំងមានការយល់ដឹងច្បាស់ចេះទទួលយកតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីកម្ពុជាទទួលរងនូវវិបត្តិសកលនេះយ៉ាងណាក៏ដោយក៏កម្ពុជានៅតែសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាច្រើនដដែលដូចជាការរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាព ការរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា, ការរក្សាតម្លៃប្រាក់រៀលនិងតម្លៃទំនិញជាដើម»។
លោកបានបញ្ជាក់ថា«ជារួម រាល់សមិទ្ធផលដែលកម្ពុជាសម្រេចបានកន្លងមកពិសេសក្នុងឆ្នាំ២០២០ដែលជាឆ្នាំដ៏លំបាកដោយការរីករាលដាលនៃជំងឺកូវីដ១៩តែកម្ពុជានៅតែរក្សាបានល្អ។ដូចនេះយើងជាប្រជាជាតិខ្មែរត្រូវនាំគ្នាថែរក្សាការពារសុខសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានស្ថិតស្ថេរនិងគង់វង្សដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត»។
ទោះជាយ៉ាងនេះក៏ដោយលោកបានអំពាវនាវឲ្យមន្ត្រីថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តការខិតខំបម្រើនិងផ្ដល់សេវាសាធារណៈជូនប្រជាជនឲ្យបានល្អសក្តិសមជាអ្នកបម្រើប្រជាជនពិតៗហើយត្រូវលះបង់ភាពឆ្មើងឆ្មៃនៅក្នុងការបំពេញការងារ។
ជាមួយនេះដែរលោក ជា ចាន់តូក៏បានជំរុញដល់ថ្នាក់ដឹកនាំស្រុក ឃុំយកចិត្តទុកដាក់លើកការពង្រីកនិងកសាងកម្លាំងយុវជនដែលជាអ្នកបន្តវេនផងដែរក្នុងនោះត្រូវផ្ដល់អាទិភាពដល់កម្លាំងយុវជនជាស្ត្រីឲ្យបានច្រើន៕
អត្ថបទ ៖ សំអឿន