Connect with us

ព័ត៌មានជាតិ

សហ​មេធាវី​ការពារ​ក្តី​ព្រមាន​អ្នកយក​ឈ្មោះ​លោក កឹម សុខា ភ្ជាប់​ជាមួយ​ក្រុម ដែលមាន​បំណង​បង្កើត​គណបក្ស​ថ្មី​

បានផុស

នៅ

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ព្រមាន​បុគ្គល ឬ​ក្រុម​ណាមួយ​ដែលមាន​បំណង​បង្កើត​បង្កើត​គណបក្ស​នយោបាយ​ថ្មី ឬ​ចលនានយោបាយ​ណាមួយ មិន​ឱ្យ​យកឈ្មោះ​លោក កឹម សុខា ភ្ជាប់​ជាមួយ​នោះទេ ហើយ​ថា ត្រូវ​មាន​សេចក្តី​ក្លាហាន​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

ទាក់ទង​នឹង​ការព្រមាន​របស់​សហ​មេ​ធា​វី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តតាកែវ ហើយ​ដែល​ពេលនេះ​កំពុង​ស្វះ​ស្វែងរក​ច្រក ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ​ដែរនោះ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ថ្ងៃនេះ​ថា លោក​គាំទ្រ​ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី​លោក កឹម សុខា ពីព្រោះ​លោក​យល់ថា លោក កឹម សុខា មិនមាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ដោយមាន​ការហាម​ប្រាម​តាមរយៈ​សាលក្រម​របស់​តុលាការ​កំពូល​។ ជាមួយគ្នា​នោះ លោក កឹម សុខា កំពុងតែ​ប្រឈម​ចំពោះ​នីតិវិធី​ច្បាប់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ជាមួយ​បរទេស ហើយ​សវនាការ​នៅ​មិនទាន់​ចប់​សព្វ​គ្រប់​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ថា “​ខ្ញុំ​មិន​ដឹង​ថា មាន​អស់លោក​ណា​យកឈ្មោះ​លោក​ទៅប្រើ​ទេ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​បាន​បញ្ជាក់​ជូន​សាធារណជន ក៏ដូចជា​អ្នកសារព័ត៌មាន​ច្រើន​ហើយ ការបង្កើត​គណបក្ស​ថ្មី​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ប្រធាន កឹម សុខា នោះទេ លោក​មិន​ហ៊ាន​ជជែក​រឿង​នយោបាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ទេ ហើយ​លោក​ក៏​មិនដែល​ជជែក​អ្វី​ជាមួយ​ខ្ញុំ ទាក់ទង​ទៅ​នឹង​ការបង្កើត​គណបក្ស​ដែរ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បាន​លើក​ឡើង ក្រែងលោ​សារព័ត៌មាន​ខ្លះ​យក​ទៅ​បកស្រាយ​ខុស​ខុស ដែល​ខ្ញុំ​ធ្លាប់បាន​លើកឡើងថា ក្នុងករណី មិនមែន​តែ​លោក​ប្រធាន កឹម សុខា ទេ ក្នុងករណី​បុគ្គល​ណា ឬ​សមាសភាព​ណា ក៏ដោយ អ្នកនយោបាយ​ណាក៏ដោយ ដែលជា​អតីត​គណបក្សប្រឆាំង អាចមាន​លទ្ធភាព​មក​ដឹកនាំ​នយោបាយ​វិញ មាន​សក្តានុពល​នយោបាយ អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន យើង​នឹង​ផ្អាក​សកម្មភាព​នយោបាយ ឬ​សកម្មភាព​គណបក្ស​ថ្មី​នេះ​តែម្ដង​។ យើង​មិន​បន្ត​ប្រកួតប្រជែង​គ្នាឯង​ទេ ដើម្បី​ទុក​ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​ណាមួយ ដែលមាន​សក្តានុពល ឬ​មាន​ប្រជាប្រិយភាព​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន​នោះ​”​។

បើ​តាម​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក​បានបញ្ជាក់​ច្រើនលើក​រួច​មក​ហើយ លោក​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​កឹម សុខា ទេ ជាគោលការណ៍ ឬ​ជាការ​សម្រេចចិត្ត​ក្រុម​របស់លោក គឺ​ប្រសិនបើ​មាន​បុគ្គល​អតីត​បក្សប្រឆាំង​ណា ដែលមាន​សក្តានុពល អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន លោក​អនុញ្ញាតិ​ឲ្យ​ធ្វើ ហើយ​ក្រុម​លោក​មិន​ធ្វើ​សកម្មភាព​ប្រ​គួ​ត​ប្រជែង​គ្នាឯង​ទេ ហើយ​ការធ្វើ​នេះ គឺ​ដើម្បី​ជាតិ​ទាំងអស់គ្នា​។

កម្ពុ​ជាថ្មី​មិនអាច​សុំ​ការបញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានទេ​នៅ​រសៀល​នេះ ប៉ុន្តែ​លោក ចាន់ ចេ​ន ជា​មេធាវី​មួយរូប ក្នុងចំណោម​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន ប្រាប់​អ្នកសារព័ត៌មាន​ថា ថ្មីៗ​នេះ​មាន​អ្នកនយោបាយ​ខ្លះ​យកឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​របស់​ខ្លួន ឬ​ចលនា​ផ្សេងៗ ជាពិសេស​បាន​យកទៅ​ភ្នាល់​គ្នា​ក្នុង​រឿង​នយោបាយ​ជាដើម ហើយ​ក៏មាន​អ្នកនយោបាយ​ខ្លះ ដែល​បាន​បង្កើត​គណបក្ស​ថ្មី ក៏បាន​យកឈ្មោះ​លោក កឹម សុខា ទៅ​កៀងគរ​កម្លាំង និង​ធ្វើ​សារ​នយោបាយ ដើម្បី​ប្រជាប្រិយភាព​នយោបាយ​ទៀតផង​។​

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ បើ​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​នោះ​មែន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម