លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅមុននេះបន្តិចថានៅវេលាម៉ោង៧ទៅ៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែកម្ភៈ ស្អែកនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
លោកសាស្ត្រាចារ្យបានបន្តថា ក្រៅពីអភិបាលរាជធានីភ្នំពេញ មានអភិបាលនៃគណៈអភិបាលខេត្តផ្សេងទៀតបានអញ្ជើញមកចាក់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យបានបន្ថែមថា «មានអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនបានតេទូរស័ព្ទទំនាក់ទំនងមកខ្ញុំជាហូរហែរួចហើយគាត់ថានឹងមកចាក់ប៉ុន្តែមិនដឹងពីចំនួនច្បាស់លាស់នោះទេ»។
លោកសាស្ត្រាចារ្យបានពន្យល់ពីដំណើរការចាក់វ៉ាក់សាំងនេះថា ជាជំហានដំបូងយើងត្រូវពិនិត្យសុខភាពគាត់ តើមានជំងឺប្រចាំកាយដែរឬយ៉ាងណារួចហើយចាក់។ ពេលចាក់រួចហើយតម្រូវឲ្យគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព ខ្លាចបើមិនមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត។
ចំណែកលោកសាស្ត្រាចារ្យ លូ លីឃាង មន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងនៅមុននេះបន្តិចថា គិតចាប់ពីល្ងាចថ្ងៃទី៨រហូតមកដល់រសៀលថ្ងៃទី៩ ខែកម្ភៈនេះ មានមន្ត្រីជាមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៦០នាក់បានចុះឈ្មោះចាក់វ៉ាក់កូវីដ១៩នៅពេទ្យអង្គឌួង។
លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើទាំងនោះមកពីគ្រប់ក្រសួងស្ថាប័នដោយក្រសួងខ្លះមាន២នាក់និងក្រសួងខ្លះទៀត៣នាក់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥៩៥៤ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការឬមានឋានៈស្មើ។មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការឬមានឋានៈស្មើមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនិងមន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២សម្រាប់អ្នកសារព័ត៍មាន៕
អត្ថបទ ៖ សំអឿន