ឃាត់ខ្លួន​ក្មេងស្ទាវមួយក្រុម ប្រើ​ដាវ​កាប់​ប្លន់ម៉ូតូ នៅ​តាកែវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួន​ក្មេងស្ទាវមួយក្រុម ប្រើ​ដាវ​កាប់​ប្លន់ម៉ូតូ នៅ​តាកែវ

Published

on

​ក្រុម​ក្មេង​បង្ក​អសន្តិសុខ​សង្គម​ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​បង្ក្រាប​បានជា​បន្ត​បន្ទាប់​។​

​ក្រោយ​កើតហេតុ​កាប់​ប្លន់​ម៉ូតូ​រយៈពេល​៣​ថ្ងៃ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​កាប់​ប្លន់​ម៉ូតូ​)​បានជា​បន្តបន្ទាប់​។

លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​៤០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ស្ពាន​យាយ​ឡ ស្ថិតនៅ​ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ មាន​ករណី​កាប់​ប្លន់មួយ​កើតឡើង ដែល​បង្ក​ដោយ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដាវ​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ​២​នាក់ ខណៈ​ដែល​ជនរងគ្រោះ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រឡប់​មកពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​នៅ​ផ្សារ​ប័ង្កសី ប្លន់​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ឡើង​តែម ឆ្នាំ​២០២០ បិត​ស្គុ​ត​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL.0155 ហើយ​បាន​គេច​ខ្លួន​បាត់​អស់​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ មាស ប៊ុន​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​លឿ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់​។ លុះ​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ ២០២១ កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម​ទៀត​មាន​៖ ១​ឈ្មោះ យន់ វ​ឌ្ឍ​នា ហៅ​រ៉ា ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​បាក់​កូដ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។ ទី​២​ឈ្មោះ ង៉ែត សុខ​សំបូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​លឿ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់​។ ទី​៣​ឈ្មោះ អៀង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​។ និង​ទី​៤​ឈ្មោះ ផល ថុល​សុ​ណៃ​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន ម៉ូតូ​ចំនួន​០៤​គ្រឿង ក្នុងនោះ​ម៉ូតូ​មួយគ្រឿង​ជា​របស់​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​ត្រាំកក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​លម្អិតរឿងបាញ់សម្លាប់មនុស្ស៣នាក់នៅខណ្ឌពោធិ៍សែនជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services