​ការប្រណិប័តទំនៀមទម្លាប់ចិន ប៉ះពាល់វប្បធម៌ខ្មែរម្ចាស់ស្រុក ឬទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ការប្រណិប័តទំនៀមទម្លាប់ចិន ប៉ះពាល់វប្បធម៌ខ្មែរម្ចាស់ស្រុក ឬទេ?

Published

on

​ជនជាតិ​ចិន​​ បានធ្វើអន្តោប្រវេសន៍មករស់​​នៅ​លើ​ទឹក​ដី​​​កម្ពុជា តាំងពី​​​សម័យ​​អាណាចក្រ​ហ្វូណន ​​ពី​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៧។ ប្រជា​ជនចិន​​ទាំងនោះ​​​មិន​​​មែន​​មក​តាម​រយៈ​​​ការទូត​ទេ ពួកគេ​មាន​គ្រួសារ​តូច​ៗ​ដែល​តាំង​លំនៅ​ដ្ឋាន​លើ​ទឹកដី​សុវណ្ណភូមិ​​​មួយ​​​នេះ​ ហើយ​ជួន​កាល​ប្រជាជន​ចិន​យក​ប្រពន្ធ​​​​ខ្មែរ​។​

តាមរយៈការ​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រារបស់​ លោក ជីវ តាហ្វាន់ (Zhou Daguan)​ នៅ​ក្នុង​សតវត្សរ៍​ទី​១៣ អំពី “​ការ​ចងចាំ​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​” ក៏បានបង្ហាញដែរ​ថា ប្រជា​ជន​ចិន​មួយ​​ចំនួន​តូច​​បាន​​តាំង​​លំនៅ​ដ្ឋាន​​នៅ​ទី​នេះ ដែល​ជា​ការ​រស់​នៅ​​​ក្នុង​ប្រទេសថ្មី។

​ប្រជា​​ជន​ចិន​បានចំណាកស្រុកភៀសខ្លួនដើម្បីរកកន្លែងរស់នៅប្រសើរថ្មី​នៅទឹកដីកម្ពុជាកាន់តែ​ច្រើននៅ​ដំណាច់​​​សតវត្សរ៍​ទី​១៧​។ ការរស់នៅជាមួយគ្នា រួមទាំងការផ្សារសាច់ផ្សារឈាមគ្នាផងនេះ បានធ្វើឱ្យកូនចៅជំនាន់ក្រោយ ឬកូនកាត់ខ្មែរចិនបន្តគោរពទំនៀមទម្លាប់វប្បធម៌ទាំងបែបខ្មែរម្ចាស់ស្រុក និងបែបចិនដូចជានៅឱកាសបុណ្យប្រពៃណីធំៗដូចជា បុណ្យសែនក្បាលទឹក បុណ្យសង្កត់ផ្នូរ បុណ្យចូលឆ្នាំចិនជាដើម។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ការចូលរួមរបស់សាសនាដទៃដោយមិនមានការរើសអើងនេះជាចំណុចល្អរបស់កម្ពុជា ដោយនៅក្នុងតំបន់ គឺមានតែប្រទេសកម្ពុជាទេមិនដែលមានជម្លោះ ឬបែកបាក់សាសនានៅក្នុងសម័យនេះ។

លោក សេង សុមុនី មានប្រសាសន៍បន្តថា ស្របដូចច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញកម្ពុជាមានលក្ខណៈផ្ដល់សិទ្ធិទូលាយ ជាក់ស្ដែង មាត្រា៤៣ ចែងថាប្រជាជនទាំង២ភេទមានសិទ្ធិលើជំនឿ និងការប្រណិប័តសាសនាដោយសេរី ដោយមិនត្រូវប៉ះពាល់សាសនាដទៃ និងសន្តិសុខសង្គម។

លោក សេង សុមុនី មានប្រសាសន៍ថា៖ “មិនមានអ្វីដែលគួរបារម្ភថា វប្បធម៌ជនជាតិចិនអាចរងឥទ្ធិពលគ្របដណ្ដប់លើកម្ពុជាទេ ព្រោះនេះជាសេរីភាពជំនឿ និងការប្រណិបត្តិ សំខាន់យើងទទួលបានសុខដុមនីយកម្មនៅក្នុងសង្គម រួបរួមរស់ជាមួយគ្នា ការគោរពច្បាប់ទាំងអស់គ្នា”។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះ បានបន្ថែមថា ប្រទេសណាក៏មានជនជាតិចិនដែរ ដូចជា សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី ថៃ នៅបារាំង… ក៏មានចិនរហូតមាន ឆាយណាថោន (ទីក្រុងសហគមន៍ជនជាតិចិន) នៅប្រទេសទាំងនោះថែមទៀតផង។

លោក សេង សុមុនី មានប្រសាសន៍ថា៖ “សូមកុំភ័យថាបាត់ពូជខ្មែរ! សំខាន់ឱ្យតែយើងគោរពប្រណិបត្តិវប្បធម៌ជាតិខ្លួនឯងឱ្យបានល្អ និងខិតខិតអភិរក្សថែរក្សាទាំងអស់គ្នា កុំឱ្យមានជម្លោះ កុំឱ្យមានសង្គ្រាម នោះជាតិខ្មែរយើងនឹងស្ថិតស្ថេរគង់វង្សហើយ”។   ​

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ខាងលើ បានថ្លែងទៀតថា តាមការសង្កេតបានបង្ហាញថា ការរៀបចំពិធីបុណ្យសាសនានានានៅកម្ពុជា មិនដែលប៉ះពាល់គ្នាទេ គឺតែងផ្ដល់ការរាប់អាន ការគោរពគ្នាទៅវិញទៅមកគ្រប់សាសនាទាំងអស់។

លោក សេង សុមុនី មានប្រសាសន៍ថា៖ “យើងឃើញថា កូនខ្មែរកាត់ចិន មានសែនព្រេនបែបចិនផង មានដាក់បាត្រ ឬទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃបែបខ្មែរ ក៏ដូចជាចូលរួមកសាងសមិទ្ធិផលនានាក្នុងវត្ត និងសង្គមខ្មែរផងដែរ ដែលជាចំណុចមានវិសាលភាពតកូនចៅ”។

លោក សេង សុមុនី លើកឡើងបន្តថា កត្តាមួយទៀតដែលនាំឱ្យមានវត្តមាន និងការអនុវត្តទំនៀមទម្លាប់ចិននៅកម្ពុជា ដោយសារកត្តាសេដ្ឋកិច្ច ហើយប្រសិនជាគ្មានសន្តិភាព គ្មានចំណងមិត្តភាព គ្មានសេដ្ឋកិច្ច ក៏មិនអាចមានការរីកលូតលាស់បានដែរ។

លោក សេង សុមុនី ពន្យល់ថា៖ “យើងឃើញថា កម្ពុជាមានសេដ្ឋកិច្ចរឹងមាំនៅក្នុងតំបន់ បើទោះជួបវិបត្តិជំងឺកូវីដ-១៩​នេះក្ដី ហេតុនេះទើបធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងចិត្ត ស្ងប់អារម្មណ៍ មិនភ័យព្រួយ និងមានលទ្ធភាពចាយវាយរៀបចំពិធីបុណ្យផ្សេងៗ”។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការអនុវត្តទំនៀមទម្លាប់ប្រពៃណីចិនមិនប៉ះពាល់វប្បធម៌ខ្មែរនោះទេ ព្រោះនោះជាសិទ្ធិសេរីភាពរបស់បុគ្គល ឬក្រុម ឬសហគមជនជាតិភាគតិច ក្នុងការគោរពជំនឿរបស់ខ្លួន ដោយស្របតាមច្បាប់អន្តរជាតិ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ  បកស្រាយថា៖យើងឃើញហើយថា រដ្ឋាភិបាលក៏មិនបានអនុញ្ញាតិឱ្យស្ថាប័នរដ្ឋឈប់​សម្រាកដើម្បីប្រារព្ធពិធីបុណ្យនានាតាមបែបចិនជាផ្លូវការដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែរ។ ទោះបីមន្ត្រីរាជការដែលជាកូនខ្មែរកាត់ចិនមួយចំនួន គ្រាន់តែឆ្លៀតទៅសែនព្រេនជុំគ្រួសារបន្តិច ហើយត្រឡប់មកធ្វើការវិញជាធម្មតា”។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បញ្ជាក់ថា កម្ពុជាមិនមានបិទសេរីភាពក្នុងការគោរពជំនឿ និងសាសនាទេ ដូចជាអ្នកកាន់ឥស្លាមសាសនា មានពិធីបុណ្យ​រ៉ម៉ាដន (បុណ្យបួស ​តម​ចំណី​អាហារ​នៅ​ពេល​ថ្ងៃ) ពួកគាត់អាចប្រារព្ធបុណ្យរបស់ពួកគាត់ ឯអ្នកកាន់សាសនាគ្រិស្ដ ក៏អាចប្រារព្ធពិធីបុណ្យគ្រិស្ដស្មាសថ្ងៃទី២៥ ធ្នូ ជាធម្មតារបស់ពួកគេ គ្រាន់តែបើចំថ្ងៃធ្វើការ គឺធ្វើការធម្មតា លើកលែងតែថ្ងៃទី១ មករា ជាបុណ្យសាកលដែលឈប់សម្រាកទាំងអស់គ្នា។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ដោយសារយើងឃើញថា ប្រជាជនខ្មែរកាត់ចិនមានច្រើន ដូចនេះពេលចូលឆ្នាំចិនមានកម្មភាពគគ្រឹកគគ្រេង និងបើផ្អែកតាមសំណល់បេតិកភណ្ឌមានដូចជាវិហារចិន និងការគោរពជាហូរហែជាដើមនោះ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គ្នានៅតែគោរពតាមវប្បធម៌ និងច្បាប់របស់កម្ពុជាជាគោល”។

ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំចំនួន ៧ចំណុចដែលសង្ខេបដូចខាងក្រោម៖

១. ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ មិនឱ្យលេងល្បែងស៊ីសង រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

២. នៅគ្រប់ទីកន្លែងកម្សាន្តនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យ។

៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលថាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ។

៤. គ្រប់អង្គភាព ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។

៥. មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។

៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេសត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។

៧. ជនណាបំពានលើសេចំក្តីណែនាំនេះ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ
សូមចូលអានអត្ថបទពាក់ព័ន្ធ៖ ចំនួនសមាគម និងបូជនីយដ្ឋានបែបចិន នៅភ្នំពេញបច្ចុប្បន្ន ​

អ្នកជំនាញ​បុរាណវិទូ​ខ្មែរ បង្ហាញអាថ៌កំបាំង​ វត្តមានជនជាតិចិន​លើ​ចម្លាក់​ ​ប្រាសាទ​បុរាណ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services