លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់បណ្ដាមន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ឋ ឲ្យពិនិត្យ និងពិចារណា នូវអ្វីដែលជាសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅថ្នាក់ក្រុងស្វាយរៀង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

លោកអភិបាលខេត្តស្វាយរៀង មានប្រសាសន៍លើកឡើងថា គម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំ-សង្កាត់ មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈកាលវិភាគ និងចរចាវាងមន្ទីរ អង្គភាពជំនាញ និងអង្គការនានា ជាមួយក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្ដុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយប្រើប្រាស់សក្ដានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានល្អប្រសើរ ដោយសហប្រតិបត្តិការគ្នា ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធិភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។
លោកបានបន្តថា ក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវលើកសំណួរចំពោះមន្ទីរ អង្គភាពនានា និងអង្គការពាក់ព័ន្ធ ដែលនៅមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក ។ ទន្ទឹមគ្នានេះ អាជ្ញាធរក្រុង-ស្រុក ត្រូវចេះប្រើឱកាស សម្រាប់ផ្ដល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្ដល់សេវាយ៉ាងណាដែលល្អប្រសើរ ឬបង្ហាញអំពីបញ្ហារួម ដែលកើតមាននៅតាមបណ្ដាឃុំ-សង្កាត់ ។
លោក ម៉ែន វិបុល បានជំរុញដល់បណ្ដាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ ឲ្យពិនិត្យ និងពិចារណា នូវអ្វីដែលជាសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើការសម្រេចចិត្តគាំទ្រសំណើគម្រោងរបស់ឃុំ-សង្កាត់ ស្នើឡើងឱ្យសមស្រប ចៀសវាងគាំទ្រក្រៅសំណើគម្រោងដែលមិនមែនជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោង នៃសកម្មភាព ជាអាទិភាពរបស់ឃុំ-សង្កាត់ នៃក្រុងស្វាយរៀង សម្រាប់ការអនុវត្តនៅឆ្នាំ២០២១ មានចំនួន ២.៦១២ គម្រោង៕
អត្ថបទ ៖ គឹមសេង