ការថ្លែងបែបនេះ ខណៈដែលលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹងជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មីក្នុងខេត្តបាត់ដំបង។
នៅក្នុងពិធីនេះក៏មានវត្តមានលោក ងួន រតនៈ អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងលោកស្រីអភិបាលរងខេត្តនិងអស់លោក លោកជំទាវគណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូន លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក ព្រួញ រិទ្ធថា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីបានឡើងប្តេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតីក្នុងអង្គពិធីទាំងមូលថា នឹងខិតខំបន្តភារកិច្ចនិងសហការជាមួយស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋបាលខេត្តដើម្បីចូលរួមបម្រើការងារជំនាញរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរឡើង។
លោក ងួន រតនៈ អភិបាលខេត្តបានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវសាមគ្គីភាពផ្ទៃក្នុងដើម្បីប្រមូលផ្តុំកម្លាំងសរុបមធ្យោបាយសរុប ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យតែកាន់តែល្អប្រសើរផងដែរ។
លោកក៏សម្តែងការកោតសរសើរចំពោះលោក ចាន់ សំបូរ អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចនៅក្នុងរយៈពេលនៃការដឹកនាំរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងនិងបានចូលរួមសហការអនុវត្តការងារនានាដែលរដ្ឋបាលខេត្តបានប្រគល់ជូនកន្លងមក។
លោក ស៊ុយ សាន បានថ្លែងថា ការផ្លាស់ប្តូរតួនាទីរបស់មន្ត្រីរាជការនិងកន្លែងធ្វើការរបស់មន្ត្រីគឺជាកិច្ចដំណើរការប្រព្រឹត្តទៅជាធម្មតាក្នុងជីវភាពការងាររបស់មន្ត្រីបម្រើការងាររដ្ឋហើយនេះជាការផ្តល់ឱកាសដល់មន្ត្រីក្នុងដកស្រង់នូវបទពិសោធន៍ថ្មីបន្ថែមទៀតផងដែរ។
លោកបន្តទៀតថា ការផ្លាស់ប្តូរនេះមិនមែនថាប្រធានមន្ទីរចាស់លោកបានប្រព្រឹត្តអំពើខុសឆ្គង ឬខ្វះសមត្ថភាពក្នុងគ្រប់គ្រងនោះទេ ពោលគឺធ្វើឡើងក្នុងការបណ្តុះស្មារតីវប្បធម៌ចែករំលែកចំណេះដឹងនិងសាបព្រោះនូវពហុជំនាញដល់មន្ត្រីក្នុងការកំណែទម្រង់ស៊ីជ្រៅរដ្ឋសាធារណៈស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ។ ពិសេសត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យឋិតក្នុងអត្រាទាបបំផុត ឬលុបបំបាត់ទាំងស្រុងតាមដែលអាចធ្វើបាន៕
អត្ថបទ ៖ សៅ សារិទ្ធ