នាវាទេសចរណ៍ Westerdam ចូល​ចតនៅកំពង់ផែក្រុងព្រះសីហនុ បាន១ឆ្នាំហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នាវាទេសចរណ៍ Westerdam ចូល​ចតនៅកំពង់ផែក្រុងព្រះសីហនុ បាន១ឆ្នាំហើយ

Published

on

មកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធមិនអនុញ្ញាត ចុះចតនៅតាមបណ្តាប្រទេសផ្សេងៗ ហើយដើម្បីរំលឹកខួបដ៏មានអត្ថន័យនេះ ស្ថានទូតអូស្រ្តាលីនៅភ្នំពេញ និងប្រទេសកម្ពុជា បានរៀបចំប្រារពខួប១ឆ្នាំ នៃព្រឹត្តិការណ៏នេះផងដែរ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងនៅថ្ងៃនេះថា ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញដំបូងមនុស្សជាង២,៣១ លាននាក់ នៅទូទាំងពិភពលោក បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ មនុស្សជាង១០៦ លាននាក់បានធ្លាក់ខ្លួនឈឺ-ពួកគេភាគច្រើនកំពុងរងផលប៉ះពាល់ពីវីរុសនេះ ជាបន្ត និងក្នុងរយៈពេលវែង។ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា ត្រូវបានខូចខាត។

បើតាមស្ថានទូតអូស្រ្តាលី “យើងចង់ប្រើឱកាសនៃថ្ងៃគម្រប់ខួប១ឆ្នាំនេះ គោរពដល់អ្នកដែលរងផលប៉ះពាល់ដោយរោគរាតត្បាតនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ព្រមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែង ជាពិសេសពីសំណាក់បុគ្គលិកក្នុងស្រុករបស់យើង ក្នុងការធានាថាជំនួយជាបន្តដល់ប្រជាជនកម្ពុជា និងជនជាតិអូស្រ្តាលីនៅកម្ពុជានៅតែអាចធ្វើទៅបាន។

ក្នុងរយៈពេល១២ខែកន្លងមក ស្ថានទូតបាន និងកំពុងធ្វើការមិនឈប់ឈរ ដើម្បីផ្តល់ជំនួយកុងស៊ុលដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា។ យើងក៏បានធ្វើការជាមួយដៃគូកម្ពុជា ក្នុងការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើង ដើម្បីជួយដល់ការស្តារកម្ពុជាឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាជាង៦៥ លានដុល្លារអូស្រ្តាលីរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង៣៥,៧ លានដុល្លារអូស្រ្តាលី សម្រាប់ការទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅកម្ពុជា”។

ជាមួយគ្នានោះ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍កប៉ាល់នេះ ព្រមទាំងបដិសណ្ឋារកិច្ច ដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលី ជាច្រើននាក់នៅដែលនៅលើកប៉ាល់ និងបានបញ្ជាក់ថា មួយឆ្នាំក្រោយមកហើយ យើងនៅតែស្ថិតនៅជាមួយគ្នា។

សូមបញ្ជាក់ថា នាវាទេសចររបស់អាមេរិកឈ្មោះ Westerdam បានចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈ ក្រោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា ដែលនាវានេះ ដឹកអ្នកដំណើរ ២២០០នាក់ ក្នុងនោះ បុគ្គលិក៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ កុម្ភៈ ប៉ុន្តែត្រូវអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងថៃ បដិសេធមិនឲ្យចូលចត ដោយមានការព្រួយបារម្ភខ្លាច ក្នុងចំណោមអ្នកដំណើរ២២០០នាក់ នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។ សម្តេចបន្តថា យើងត្រូវសហការគ្នាទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀត បញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេ នៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ។

ក្រោយពីអនុញ្ញាតិឲ្យនាវាទេសចរណ៏ Westerdam ចូលចត ក៏ដូចជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា  ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានទៅទទួល ដោយផ្ទាល់នោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោក ហើយក្នុងនោះមានថ្នាក់ដឹកនាំ នៃបណ្តាប្រទេស ដែលមានពលរដ្ឋជាប់នៅលើនាវា  Westerdam បានចេញលិខិតថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែក ស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចតផងដែរ។

រីឯលោក Orlando Ashford ដែលជាប្រធានក្រុមហ៊ុន Holland American Line និងជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ហើយថា កម្ពុជាមានសន្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ដោយយកចិត្តទុកដាក់៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services