កម្ពុជា​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ ពិចារណា​បង្កើន​ការ​នាំចូល​កសិផល​កម្ពុ​ជា​ទៅ​ទីផ្សារ​អឺរ៉ុប​បន្ថែម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ ពិចារណា​បង្កើន​ការ​នាំចូល​កសិផល​កម្ពុ​ជា​ទៅ​ទីផ្សារ​អឺរ៉ុប​បន្ថែម

Published

on

ភ្នំពេញ​ ៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ស្នើសុំ​ប្រធានសភា​ពាណិជ្ជ​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជួយ​ពិនិត្យ ពិចារណា​លើ​កសិផល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​អាច​នាំ​កសិផល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​កាន់តែច្រើន​ថែមទៀត​។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក Tassilo Brinzer ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួង​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​កម្ពុជា បាននឹងកំពុង​ជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន កូរ៉េ និង​សហភាព​អឺរ៉ុប មាន​ជាអាទិ៍​៖ អង្ករ ម្រេច ចំណិត​ដំឡូង​ក្រៀម គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច ចេកអំបូង​លឿង ស្វាយកែវ​រមៀត និង​សេ​រ៉ូ​ស្វាយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​«​ប៉ុន្តែ​ទោះ ជា​យ៉ាងណា ការនាំចេញ​ផលិត​កសិកម្ម​របស់​ក​ម្ពុ​ជា ទៅកាន់​ទីផ្សារ​អឺរ៉ុប ក្រៅពី​អង្ករ ហាក់ដូចជា​នៅ​មានកម្រិត​ទាប ទើប​ក្រសួង​ចង់ឱ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប ពិចារណា​លើ​ការនាំ​ចូល ផលិតផល​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​»​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី​ចង់ឱ្យ​សហភាព​អឺរ៉ុប​ជួយផ្តល់​កិច្ចសហការ​លើ​ការងារ​បច្ចេកទេស​កសិកម្ម​សមស្រប ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម មាន​លក្ខណ​ប្រកួតប្រជែង បរិ​យា​ប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ​កសិផល ចំណី​សត្វ និង​ចំណី​ត្រី ការ​វិនិយោគ​លើ​វិស័យ​ធុរកិច្ច និង​កែច្នៃ​កសិកម្ម ដើម្បី​ប្រមូល​កសិផល បែងចែក ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព ទី​ណាត់ជួប​រវាង​អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ បង្កើត​ការងារ បង្កើន​តម្លៃបន្ថែម និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​ល​។

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប ដើម្បី​រួមគ្នា​រក្សា​បរិយាកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ការធ្វើ​ធុរកិច្ច​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណ​កាន់តែ​ល្អប្រសើរ​។

លោក Brinzer បាន​មានប្រសាសន៍ថា​ បើទោះ​បី​កម្ពុជា​បាននឹងកំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​មួយ​នេះ ឲ្យ​មានការ​រីកចម្រើន​ដូច​ប្រក្រតី មិនតែប៉ុណ្ណោះ​វា​កំពុងមាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ធានាបាន​សន្តិសុខ​ស្បៀង និង​ជំរុញ​ការនាំចេញ ក្នុង​ខណៈ​វិស័យ​មួយ​កំពុង​មាន​វិបត្តិ​។

លោក​បាន​បន្ត​ថា ​« មួយវិញទៀត សហភាព​អឺរ៉ុប​នឹង​នៅតែ​ជា​ដៃគូ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង ក្នុង​ការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សម​ស្របតាម​តម្រូវការ​ទីផ្សារ ពង្រីក​ការកែច្នៃ​កសិផល ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ធានា​ដល់​ការប្រកួតប្រជែង ស្រប​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​»៕​

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services