Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង បញ្ជាក់បន្ថែមពីការដកតួនាទីអធិការស្រុកកំរៀង

បានផុស

នៅ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌនគរបាល គឺដោយសារតែអតីតអធិការនគរបាលរូបនេះធ្វើអ្វីមិនគោរពទៅតាមឋានានុក្រម វិជ្ជាជីវៈ និងប្រើសិទ្ធិអំណាចតាមតែចិត្តខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីប្រគល់រថយន្តចំនួន៥០គ្រឿងជូនដល់ស្នងការនគរបាលខេត្តចំនួន១៩ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “ករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អ ប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញជាដើម”។

សម្តេចក្រឡាហោមបានណែនាំដល់មន្រ្តីនគរបាលទាំងអស់ មិនត្រូវធ្វើអ្វីដោយមិនមានការសម្រេចពីថ្នាក់លើនោះឡើយ។ សម្ដេចបន្តថា ការគោរពនូវវិជ្ជាជីវៈរបស់ខ្លួនគឺជាការចាំបាច់បំផុត ខណៈការកែទម្រង់ក្នុងជួរកងកម្លាំងនគរបាលនៅតែបន្ត ដើម្បីឲ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដ​ល់មន្រ្តីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវមានការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ស្មោះត្រង់នឹងការងារ ហើយការផ្តល់សេវាសាធារណៈត្រូវតែផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវដោះស្រាយឲ្យបានទូលំទូលាយ កុំឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋបន្តទៀត។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលម្សិលមិញបានចេញអនុក្រឹត្យស្តីពីការអនុវត្តន៍វិន័យមន្ត្រីនគរបាលជាតិកម្ពុជា ដោយបានសម្រេច ដកឋានន្តរស័ក្ត និងបណ្តេញចេញពីក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដែលកាន់តួនាទីជាអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងរឿងដោះ លែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។

ការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌនគរបានជាតិនេះ ខណៈត្រូវបានរកឃើញថា  មន្ត្រីនគរបាលរូបនេះ បានដោះលែងមេខ្យល់ដែលនាំពលករខ្មែរ ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា បណ្តោយឲ្យគេចវេះខ្លួនពីការធ្វើចត្តាឡីស័កនៅតាមព្រំដែន ឱ្យចូលដល់ក្នុងប្រទេស ដែលជាហានិភ័យខ្ពស់នៃការចម្លងជំងឺរាតត្បាតដ៏កាចសាហាវចូលក្នុងសហគមន៍ជាថ្មី។

លោក គឹម ពន្លក ក្រៅពីការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ   លោកក៏ត្រូវបានអគ្គស្នងការនគរបាលជាតិ បន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ជាបន្តទៀត ដើម្បីផ្តន្ទាទោសទាក់ទង និងអំពើពុករលួយ ដើម្បីកុំឲ្យគំរូអាក្រក់នេះបន្តកើតមានក្នុងសង្គមតទៅទៀត។

តាមការឱ្យដឹងពីស្នងការនគរបាលខេត្តបាត់ដំបង់បានបញ្ជាក់ថា លោក គឹម ពន្លក បានទទួលស្គាល់អំពីកំហុសរបស់ខ្លួន ថា លោកពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩។

តាមការរកឃើញកំហុសរបស់អធិការស្រុកកំរៀងរូបនេះ ទី១ពាក់ព័ន្ធនឹងករណី ផ្តល់ជម្រកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរ ពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក៕

អត្ថបទ៖ សំអឿន

សូមអានអត្ថបទពាក់ព័ន្ធ៖ ករណីអធិការ​ស្រុក​កំរៀង សមត្ថកិច្ចកំពុងស្រាវជ្រាវ​បន្ថែម​រក​អ្នកពាក់ព័ន្ធ

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃ ដាក់ចេញ​វិធានការតឹង​រឹង​ ទប់​ស្កាត់​ការ​ឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម