Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ស្នើ​ភាគី​ចិននឹងជួយរកដៃគូអភិវឌ្ឍផ្លូវដែកនៅកម្ពុជា​

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការសាធារណ: និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ លោកប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ  និងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ សក្តានុពលរបស់ខេត្ត និងសំណើមួយចំនួន។  

លោក គួច ចំរើន សង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ជាមួយគ្នានេះ ផ្លូវដែកក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

លោក គួច ចំរើន បានលើកឡើងថា ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងពេលជាមួយគ្នានេះ លោកអភិបាលខេត្តព្រះសីហនុ បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការដូចជា

– ពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគ កូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះរដ្ឋបាលកំពុងជំរុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃមន្ត្រីសុខាភិបាលខេត្តបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។ 

– ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។ 

– ជួយជំរុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។ 

– សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ។  

លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន។ លោកបានបន្តថា តាងនាមតំណាងប្រទេសចិន និងប្រជាជនចិន លោកនឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។

លោក ជាំង វ៉ៃ បានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏ប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាផងដែរ។  

ក្នុងឱកាសនោះ លោក ជាំង វ៉ៃ បានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ ស្របពេលប្រទេសទាំងពីរត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជនទាំងពីរប្រទេស គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ថា ក្នុងជំនួបនោះ អភិបាលខេត្តព្រះសីហនុ បានបង្ហាញសមិទ្ធិផលក្នុងខេត្តថា មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ លោកបានរំលឹកថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។

បើតាម លោក គួច ចំរើន បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិដែលមានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២៕

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចូលអានព័ត៌មានពាក់ព័ន្ធ៖ ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម