Connect with us

ព័ត៌មានជាតិ

ព្យួរតំណែងមេភូមិមួយរូប បន្លំយកប្រាក់ឧបត្ថម្ភឲ្យអ្នកក្រក្នុងពេលកូវីដ១៩

បានផុស

នៅ

រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានព្យួរតំណែងការងារ មេភូមិមួយរូប ឈ្មោះលួង ឡុង ស្ថិត​នៅក្នុងភូមិ ដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបន្ទាប់ពីដឹងថាមេភូមិរូបនេះ បានបន្លំយក​ប្រាក់ឧបម្ភសម្រាប់អ្នកក្រក្នុងពេលកើតមានជំងឺកូវីដ១៩ទៅឲ្យសាច់ញាតិរបស់ខ្លួន។

អភិបាលស្រុកកំពង់ស្វាយលោក អ៊ុន បុត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី​ ១៧ ខែកុម្ភៈនេះថា រដ្ឋ​បាល​​ស្រុក បានព្យួរការងារលោក លួង ឡុង មេភូមិដំរីស្លាប់ ដើម្បីស្រាវជ្រាវរក​កំហុស​ឆ្គងរបស់​គាត់។

លោក អ៊ុន បុត្តប្រាប់ដំណើរដើមរឿងដំបូងថា ស្ត្រីឈ្មោះ ឃុំ ណាវ ជាអ្នកភូមិដំរីស្លាប់ កាលពីមុនគាត់មានប័ណ្ណក្រីក្រ ហើយរយៈពេលប៉ុន្មានខែក្រោយនេះ ប័ណ្ណក្រីក្ររបស់គាត់បានផុតសុពលភាព ដូច្នេះត្រូវវាយតម្លៃភាពក្រីក្រឡើងវិញ ហើយក្រុមការងារភូមិ ឃុំ បានបន្តសុពលភាពបណ័្ណរបស់គាត់ ក្នុងពេលដែលគាត់បានចំណាកស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុន បុត្តបន្តថា “បើតាមនិតិវិធី កាលណាសមីខ្លួនមិននៅគេមិនត្រូវវាយតម្លៃទេ ប៉ុន្តែដោយសារតែមេភូមិ គាត់អាណិតគ្រួសារហ្នឹង អ៊ីចឹងឲ្យគាត់ជាប់ក្រីក្រទៅព្រោះថ្ងៃណាមួយគាត់មកវិញ ក៏គាត់បានថវិការហ្នឹងប្រើប្រាស់ទៅ ដល់ពេលគាត់ទៅបាត់ ក្រោយមកក៏មេភូមិគាត់មានកូនគាត់មកពីថៃ ក៏ក្រីក្រដែរ មេភូមិនោះ ក៏យកប័ណ្ណក្រីក្រហ្នឹងទៅឲ្យកូនស្រីរបស់គាត់ បើកយកថវិកាមួយខែ ១៤០,០០០ រៀល យកមកដោះស្រាយជីវភាព”។

លោកអភិបាលស្រុកកំពង់ស្វាយប្រាប់ថា ក្រោយមកម្ចាស់ដើមគេមកវិញហើយសួរនាំ ឃើញប័ណ្ណក្រីក្រ មេភូមិក៏ព្រមប្រគល់លុយ ៦ ខែដែលកូនរបស់គាត់បើកមកផ្គត់ផ្គង់ជីវភាពនោះ ទៅម្ចាស់ដើមវិញ ខណៈដែលកូនប្រុសរបស់ស្ត្រីដែលជាម្ចាស់ប័ណ្ណមិនសុខចិត្ត រកប្តឹងទារសំណងជំងឺចិត្ត។

ប៉ុន្តែយ៉ាងណា បើតាមលោកអភិបាលស្រុកកំពង់ស្វាយ បច្ចុប្បន្នរដ្ឋបាលស្រុកគ្រាន់តែអនុវត្តតាមវិន័យរដ្ឋបាល ប៉ុណ្ណោះ ដោយព្យួរការងារ ដើម្បីស្រាវជ្រាវរកកំហុសឆ្គងរបស់គាត់។

លោកអ៊ុន បុត្តបញ្ជាក់ថា “ប្រសិនបើគាត់យកប័ណ្ណហ្នឹងទៅឲ្យអ្នកមាន អាហ្នឹងមានកំហុសឆ្គង ប៉ុន្តែគាត់យកពីយាយ​ណាវ ដែលគាត់ចំណាកស្រុកហើយយកមកឲ្យអ្នកក្រដែរ បើកំហុសគ្រាន់តែជាកំហុសនិតិវិធីទេ ប៉ុន្តែឲ្យមានកំហុសធ្ងន់ធ្ងរវាមិនមានទេ មិនមានកំហុសព្រហ្មណ្ឌទេ ហើយគេព្រមសងវិញហើយ”។

រាជរដ្ឋាភិបាល​កម្ពុជា​​បាន​​បន្ត​ឧបត្ថម្ភសាច់​ប្រាក់​​ជូន​ពលរដ្ឋក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ​ ១៩​ ក្នុង​ជុំ​ទី​ ៤ រយៈពេល​ ៣ ​ខែ​ទៀត គឺ​ខែ​មករា កុម្ភៈ និង​ខែមីនា ឆ្នាំ​ ២០២១ ខណៈ​ថវិកា​ដែល​បានត្រៀម​បម្រុង​ទុក​មាន​ ២០០ ​លាន​ដុល្លារ​ សម្រាប់​​ដោះស្រាយ​បញ្ហា​នេះ​។

សូមរំឭកថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្ដើម​ឧបត្ថម្ភ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​វិបតិ្ត​កូវីដ​១៩ តាំងពី​ថ្ងៃទី​ ២៥ មិថុនា​ឆ្នាំ២០២០មក ដោយ​ដំណើរការ​នេះ​បាន និង​កំពុង​ធ្វើ​ជា​ដំណាក់កាលៗ​។ ​

នៅ​ជុំ​ទី​១ ​ក្នុង​ខែមិថុនា​តាមរយៈ​ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សាច់​ប្រាក់​ជូន​ក្រុមគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​កូវីដ ១៩​ បាន ៥៣៨ ៣៨០ ​គ្រួសារ គិត​ជា​ទឹកប្រាក់​អស់​ជិត​ ៩៥ ​ពាន់​លាន​រៀល​ ឬ​ប្រហែល​ ២៥ ​លាន​ដុល្លារ និង​ក្នុង​ខែកក្កដា​បាន​ផ្តល់​ជូន ៥៩៨ ៥១២ ​គ្រួសារ​ អស់​ទឹកប្រាក់​ជាង​ ១០៦ ​ពាន់​លាន​រៀល​ ឬ​ប្រហែល​ជិត​ ៣០ ​លាន​ដុល្លារ​។

ជុំ​ទី​២ ​ក្នុង​​ខែ​សីហា ផ្តល់ជូន​ដល់​ ៦៤៤ ៦៦៥ ​គ្រួសារ​អស់​ទឹកប្រាក់​ជាង​ ១១៥ ​ពាន់​លាន​រៀល ឬ​ប្រហែល​ជិត​ ៣០ ​លាន​ដុល្លារ និង​ក្នុង​ខែកញ្ញា​ផ្តល់ជូន​ ៦៦១ ៦៨៤ ​គ្រួសារ អស់​ទឹកប្រាក់​ជាង​ ១១៨ ​ពាន់​លាន​រៀល​។

ចំណែកឯ​ក្នុង​ជុំ​ទី​៣ គឺ​ក្នុង​ខែ​តុលា​ ផ្តល់​ជូន ៦៧៤ ១៤៦ ​គ្រួសារ​ អស់​ទឹកប្រាក់​ ១២០ ​ពាន់​លាន​រៀល​​ ឬ​ ៣០ ​លាន​ដុល្លារ និង​ក្នុង​ខែវិច្ឆិកា​ផ្តល់​ជូន ៧០៣ ៥៩២ ​គ្រួសារ​ អស់​ទឹកប្រាក់​ប្រហែល​ ១២៦ ​ពាន់​លាន​រៀល ឬ​ជាង​ ៣០ ​លាន​ដុល្លារ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម