ក្រោយពីអាជ្ញាធរខេត្ត បានដាក់បម្រាមមិនឲ្យរថយន្តធុនតូចធ្វើចរាចរណ៍ដឹកទំនិញបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ពីក្រៅប្រទេស អ្នកទិញលក់ទំនិញផ្លែឈើ បានយករថយន្តជាច្រើនគ្រឿងមកតវ៉ា នៅមាត់ច្រកទ្វារអន្តរជាតិដូង សុំសិទ្ធចេញចូលទិញទំនិញឬផ្លែឈើជាធម្មតាឡើងវិញ ខណៈដែលមានការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង៧:០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បង្កឡើងដោយក្រុមអាជីវករជាច្រើននាក់ ដែលកន្លងមកពួកគេធ្លាប់បានចូលទៅក្នុងផ្សារទឹកដីថៃហើយបានទិញទំនិញផ្សេងៗដឹកយកមកបោះដុំឬលក់រាយនៅក្នុងស្រុកកំណើត ដើម្បីបានកម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ។
ចំពោះសកម្មភាពតវ៉ាសុំកិច្ចអន្តរាគមន៍ដោះស្រាយខាងលើនេះ ដោយក្រុមអ្នកលក់ចេញទិញចូលជាច្រើននាក់ នៅព្រឹកកើតហេតុបានសម្តែងការមិនពេញចិត្តស្របជាមួយសកម្មភាពបានយករថយន្តរបស់ពួកគាត់ដាក់គ្មានសណ្តាប់ធ្នាប់ ដើម្បីបិទដំណើរការចេញចូលនៅត្រង់ច្រកអន្តរជាតិដូងផ្ទាល់ ក្នុងគោលបំណងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកឲ្យប្រភេទរថយន្តសុំាយ៉ុងបានចេញចូលដូចធម្មតាឡើងវិញ បន្ទាប់ពីក្រុមការងារច្រក បានបិទផ្អាកជាបណ្តោះអាស្នមិនអនុញ្ញាតឲ្យរថយន្តសុំាយ៉ុងឬរថយន្តធុនតូចបានចេញចូល ដោយសារតែអាជ្ញាធរក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ពីក្រៅប្រទេស ចូលមកក្នុងសហគមន៍របស់កម្ពុជា។
ក្រោយពីហេតុការកើតឡើងនូវការតវ៉ារយៈពេលប្រមាណជាង១ម៉ោង អាជ្ញាធរបានសម្របសម្រួលឲ្យមានរថយន្តសុំាយ៉ុងឆ្លងកាត់ដំណើរការចេញចូលដូចធម្មតាឡើងវិញ ផងដែរ។ដោយការអនុញ្ញាតនេះ តម្រូវឲ្យម្ចាស់រថយន្តទាំងអស់បកស្កុតខ្មៅ ដែលបិតនៅលើកញ្ចក់ជុំវិញរថយន្តចេញងាយស្រួល ក្នុងការត្រួតពិនិត្យទំនិញឬពលករ ដែលឆ្លងដែនចេញពីប្រទេសថៃវិលមកកាន់ប្រទេសកំណើត ដែលមានបំណងគេចវេះការធ្វើចត្តាឡីស័កនៅតំបន់ព្រំដែន៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ បញ្ជូនមេខ្យល់ម្នាក់ទៅតុលាការ និងពលករ៧នាក់ ទៅមណ្ឌលធ្វើចត្តាឡីស័ក