តាមរយៈឯកឧត្តម នួន សាន បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំតាលាស់ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៨០គ្រួសារក្នុងឃុំតាលាស់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន សាន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ នឹងផ្ញើការនឹករឭកពីប្រមុខរាជរដ្ឋាភិបាល និងសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាល សម្ដេចតែងយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបផលលំបាក។
ក្នុងនោះដែរឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យរីករាលដាលដល់សហគមន៍ ខណៈអាជ្ញាធរខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធកំពុងត្រូវបានពង្រឹងតាមបន្ទាត់ព្រំដែនស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអំពីលំហូរពលករខ្មែរនៅប្រទេសថៃវិលមកស្រុកកំណើតវិញ ខណៈកន្លងមកមានពលករមួយចំនួនបានគេចវេះពីការធ្វើចត្តាឡីស័ក។
ឯកឧត្តបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ត្រូវប្រកាន់ភ្ជាប់នូវអនាម័យស្អាតជានិច្ចដោយលាងសម្អាតដៃនឹងអាលកុលឬជែល ដោយរក្សាគម្លាតសង្គមពាក់ម៉ាសការពារនិងចៀសវាងចូលទីប្រជុំជនដែលមានមនុស្សច្រើន។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់ផងប្អូនប្រជាពលរដ្ឋឲ្យមានការសហការជាមួយអាជ្ញាធរឬសមត្ថកិច្ច បើសិនជាមានបងប្អូនសាច់ញាតិឬអ្នកភូមិផងបានវិលពីប្រទេសថៃហើយគេចវេះពីការធ្វើចត្តាឡីស័ក សូមរាយការណ៍ជូនអាជ្ញាធរឬសមត្ថកិច្ចជាបន្ទាន់ដើម្បីសេចក្តីសុខនៅក្នុងសហគមន៍របស់បងប្អូនក៏ដូចជារក្សាក្តីសុខដល់មនុស្សទូទៅផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ