ភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺជាតំបន់ព្រៃភ្នំមានទីតាំងនៅជាប់ជើងភ្នំឱរ៉ាល់ដែលបច្ចុប្បន្ននេះផ្លូវលំក្នុងភូមិមានការខូចខាតដោយអន្លើ និងអ្នកស្រុកក្នុងភូមិពុំទាន់មានអគ្គិសនីប្រើប្រាស់ឡើយ ហេតុនេះហើយអ្នកស្រុកសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយស្ថាបនាផ្លូវនិង តបណ្ដាញអគ្គិសនីឱ្យអ្នកស្រុកក្នុងភូមិទឹកចេញបានប្រើប្រាស់ផងចុះ។
បុរសជាកសិករម្នាក់ ឈ្មោះ លែម ឈិន អាយុ៦៤ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា លោកបានដាំចេកជាង២ ពាន់គុម្ព នៅលើដីចម្ការជាង៣ហិកតា រយៈពេល៣ឆ្នាំមកហើយ ដែលលោកបានទទួលផលពីវាជារៀងរាល់ឆ្នាំសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។
លោក លែម ឈិន បានបញ្ជាក់ទៀតថា តម្លៃផ្លែចេកសព្វថ្ងៃនេះ គឺលោកបានលក់បោះដុំឱ្យម៉ូយ ដែលមកទទួលទិញដល់ចម្ការ ដោយក្នុងចេកមួយស្និតលក់បានថ្លៃ១៥០០រៀល ហើយក្នុង១ខែលោកអាចកាត់ផ្លែចេកលក់បាន២០០០ ទៅ ២៥០០ស្និត សម្រាប់ខែវស្សាពេលចេកសំបូរផ្លែ។ ដោយឡែកនៅក្នុងរដូវប្រាំងនេះ វិញក្នុងមួយខែលោក អាចកាត់ផ្លែចេកលក់បានប្រមាណ១០០០ ទៅ១៥០០ ស្និតតែប៉ុណ្ណោះ ព្រោះផ្លែចេកខែក្តៅមិនសូវផ្លែ។ ចំណែកត្រយូងចេកវិញក៏អាចកាត់លក់បានថ្លៃក្នុងមួយៗ ថ្លៃ៥០០រៀល ទៅ១៥០០រៀលផងដែរ តាមចេកតូចឬធំ។
ប្រជាកសិករនៅក្នុងភូមិខាងលើក៏បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងភូមិទឹកចេញបច្ចុប្បន្ននេះ ផ្លូវលំមិនសូវស្អាតល្អទេ គឺមានផលវិបាកច្រើន ចំណែកអគ្គិសនីនៅក្នុងភូមិ ក៏មិនទាន់មានប្រើប្រាស់ដែរ គឺមានតែប្រើផ្ទាំងសូឡាពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ។ ប៉ុន្តែនៅខែវស្សាផ្ទាំងសូឡាននេះ មិនអាចស្រូបពន្លឺគ្រប់គ្រាន់សម្រាប់បញ្ចេញភ្លើងយកមកប្រើប្រាស់ឡើយ ព្រោះនៅក្នុងតំបន់នេះជាតំបន់ព្រៃភ្នំសម្បូរភ្លៀងជារៀងរាល់ថ្ងៃនៅខែវស្សា។
អាស្រ័យហេតុនេះ ពួកគាត់សំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមេត្តាជួយជួសជុលផ្លូវក្នុងភូមិ និងជួយតបណ្ដាញអគ្គិសនីឲ្យបានដល់ភូមិទឹកចេញដើម្បីអ្នកស្រុកក្នុងភូមិបានប្រើប្រាស់ដោយអនុគ្រោះផងចុះ ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ