លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាបុណ្យមួយកន្លែងមានទីតាំងនៅលើកំពូលភ្នំគូលែន ស្ថិតក្នុងនៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ព្រមទាំងបានចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ លោកគ្រូ អ្នកគ្រូ ប្រជាការពារ សរុបចំនួន ៧០នាក់ និងសិស្សានុសិស្សចំនួន១០៧ នាក់ ក្នុងសាលាបឋមសិក្សាសង្កែឡាក់ ដែលរៀបចំដោយ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ បន្ទប់ភ្នំពេញវេនព្រឹក។
លោក យក់ ប៊ុនណា បានមានប្រសាសន៍ថាសកម្មភាពសង្គមនិងការសម្ពោធសាលាបុណ្យនាពេលនេះ គឺជាលទ្ធផលនៃការសិក្សារបស់កម្មសិក្សាការីវគ្គវិក្រឹត្យមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ បន្ទប់ភ្នំពេញវេនព្រឹក ដែលមានសរុបចំនួន ៣៨ អង្គ/នាក់ មកពី១៤ ក្រសួង-ស្ថាប័ន។
លោករដ្ឋលេខាធិការបានបន្តថា ការអនុវត្តសកម្មភាពសង្គមរបស់កម្មសិក្សាវគ្គវិក្រឹត្យការ វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ដែលបានរៀបចំឡើង ក្នុងអំឡុងពេលសិក្សានៅក្នុងសាលាភូមិន្ទរដ្ឋបាលនេះ មានចំនួន ៥ សកម្មភាពធំៗរួមមាន៖ ១. សកម្មភាពសង្គមចូលរួមជាមួយនឹងសាលាភូមិន្ទរដ្ឋបាល ២. សកម្មភាពមនុស្សធម៌ ៣.សកម្មភាពជាមួយនឹងពុទ្ធសាសនា ៤. សកម្មភាពជាមួយនឹងកម្មសិក្សាការីរួមជំនាន់ និង៥. សកម្មភាពការងារសង្គមជូនប្រជាជននៅក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តាមរយៈ ការសាងសង់សាលាបុណ្យមានទំហំ ៨១ម៉ែត្រការ៉េ និងចែកអំណោយ និងសម្ភារសិក្សាជូនសិស្សានុសិស្សចំនួន ១០៧នាក់កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាសង្កែឡាក់នេះ។
លោកបានបន្តទៀតថា សកម្មភាពសង្គមដែលកម្មសិក្សាការីបន្ទប់ភ្នំពេញវេនព្រឹក បានរៀបរាប់ខាងលើនេះ គឺកើតចេញការឯកភាពគ្នា មូលមតិគ្នា សាមគ្គីភាពផ្ទៃក្នុង និងការចូលរួមជាថវិកាពីកម្មសិក្សាការីទាំង៣៨អង្គ/នាក់ ស្មើនឹងចំនួន ៧០,៦១៨,៩៧៧ រៀល និង ៨,១១៤ ដុល្លារអាម៉េរិក។
លោកបានបញ្ជាក់ថា ជាធម្មតាក្នុងវគ្គសិក្សា ឬឆ្នាំសិក្សានីមួយៗ តែងតែមានការអនុវត្តសកម្មភាពការងារសង្គមទៅតាមថ្នាក់រៀងខ្លួន និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋាន។ជាក់ស្តែងដូចជាកម្មវិធីដែលបានរៀបចំឡើងនៅក្នុងពេលនេះយ៉ាងដូច្នេះដែរ៕
ដោយ ៖ សំអឿន