Connect with us

ព័ត៌មានជាតិ

ការ​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដើម្បី​​បង្ក្រាប​បទល្មើសគ្រឿងញៀន​

បានផុស

នៅ

​ភ្នំពេញ៖​ បាន​លើក​ឡើង​ថា​ ​ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ គឺ​ដើម្បី​បម្រើ​ឱ្យ​ការងារ​បង្ការ​បង្ក្រាប​គ្រឿងញៀន​ និង​រក្សា​បាន​នូវ​ព័ត៌មាន​របស់​ជនល្មើស​ ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នោះ​។​​

​ការ​លើក​ឡើងខាងលើ​របស់​លោកនាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកនាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Database​ System)​ គ្រប់គ្រង​បទល្មើស​គ្រឿងញៀន​ ប្រចាំឆ្នាំ​២០២០​ កាលពីពេលថ្មីៗកន្លងទៅនេះ នៅ​សាលប្រជុំនៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ឱ្យ​ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ប្រសិទ្ធ​បន្ថែម​ទៀត​ លោកនាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​បន្ត​ចំនួន​៤​ចំណុច​៖​

១- ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ (UPDATE)​ ប្រព័ន្ធ​បច្ចេកទេស​ (Database​ System)​ មាន​ដូច​ជា​៖​ មុខងារ​ស្គេ​ន​មុខ​ និង​បង្កើត​ APP​ STORE​ និង​ PLAY​ STORE​ សម្រាប់​ប្រើប្រាស់​លើ​ទូរស័ព្ទ​ដៃ​។

២- ​បង្កើន​ការ​បញ្ចូល​ទិន្នន័យ​បទល្មើស​គ្រឿងញៀន​ ស្គេ​ន​ខ្ចៅដៃ​ជនល្មើស​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកទេស​ឲ្យ​បាន​១០០% (អនុវត្ត​ជា​ប្រចាំ​)​។​

៣-​ ធ្វើ​របាយការណ៍​បូក​សរុប​លទ្ធផល​អនុវត្ត​លើក​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រចាំខែ​ ត្រីមាស​ ឆមាស​ និង​ឆ្នាំ​ជូន​ថ្នាក់ដឹកនាំ​ ។​

៤-​ ត្រៀម​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​បន្ថែម​ ដល់​មន្ត្រី​ជំនាញ​ដែល​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកទេស​ (Database​ System)​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ។​

លោកនាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​  អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ថ្លែង​នូវ​ការ​លើក​សរសើរ​ដល់​បណ្តា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត​ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Database​ System)​ គ្រប់គ្រង​បទល្មើស​គ្រឿងញៀន​។​ លោកក៏​បាន​លើកទឹកចិត្ត​ជូន​រង្វាន់​ដល់​បណ្តា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត​ ដែល​មាន​ស្នាដៃ​ និង​ឱ្យ​ដាក់​បញ្ចូល​ក្រុម​បញ្ចូល​ទិន្នន័យ​នេះ​ ទៅ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​ផង​ដែរ​ ដើម្បី​ពួក​គេ​បានការ​លើកទឹកចិត្ត​បន្ត​ទៀត​។

​ជំនួស​មុខ​ លោកនាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ លោកបាន​ស្នើ​ឱ្យ​មន្ត្រី​នគរបាល​ទាំងអស់​យកចិត្តទុក ដាក់​បន្ថែម​ទៀត​ ពាក់ព័ន្ធ​វីរុស​កូ​វី​ដ-​១៩​ ដោយសារ​បច្ចុប្បន្ន​នេះ​ មេរោគ​មួយ​នេះ​ បា​នប​ម្លែ​ង​ពី​មេរោគ​ចាស់​ទៅ​ជា​មេរោគ​ថ្មី​។​ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ ពិសេស​ទៅ​ទៀត​បើ​មាន​បងប្អូន​ ឬ​សាច់ញាតិ​ជា​ពលករ​ ឬ​មក​ពី​ក្រៅប្រទេស​ ត្រូវ​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ឱ្យ​បាន​១៤​ថ្ងៃ​ មុន​ពេល​ដែល​ពួក​គាត់​ដើរ​ចេញ​ទៅ​ខាងក្រៅ​។​

យោងតាម​របាយការណ៍​របស់​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០២០​នេះ​ មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ បាន​បញ្ចូល​ទិន្នន័យ​បទល្មើស​គ្រឿងញៀន​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រួម​មាន​៖​

១- ​បញ្ចូល​សវ​តា​ជាតិ​ជនសង្ស័យ​ និង​រូបថត​ ស្គេ​ន​ខ្ចៅដៃ​ចំនួន​ ១៥.៨៥៦​នាក់​ (​ស្រី​៨០២​នាក់​)​ ស្មើ​ ៨.០៨០​ករណី​លើ​៩០២៤​ករណី​ ស្មើនឹង​ ៨៩.៥៥%​។​

២- ​បញ្ចូល​មុខសញ្ញា​សេសសល់​ចំនួន​ ១.៥៨៥​នាក់​ (​ស្រី​១១២​នាក់​)​ ក្នុង​នោះ​គ្មាន​ដីកា​១.២២៦​នាក់​ (​ស្រី​១០១​នាក់​)​ មាន​ដីកា​ចំនួន​ ៣៥៩​នាក់​ (​ស្រី​១១​នាក់​)​។​

៣- ​បញ្ចូល​វត្ថុ​តាង​គ្រឿងញៀន​ សរុប​ជាង ៣៣៥៥​គីឡូក្រាម​ ។​

៤-​ ចាប់​យក​ រថយន្ត​ ១០៥​គ្រឿង​ ម៉ូតូ​១៧៥៨​គ្រឿង​ ទូរស័ព្ទ​៥៥២៦​គ្រឿង​ អាវុធ​ខ្លី​២៣​ដើម​ និង​អាវុធ​វែង​៦​ដើម​។​

​លោក​ឧត្តមសេនីយ៍ទោ​នាយករង​មន្ទីរ​ បាន​បន្ថែម​ថា​ បណ្តា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត​ ចំនួន​ ៩​ ដែល​បាន​បំពាក់​កុំព្យូទ័រ​ និង​ឧបករណ៍​ស្គេ​ន​ខ្ចៅដៃ​ រួម​មាន​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​,​ មណ្ឌលគិរី​,​ ព្រះ​វិហារ​,​ ព្រៃវែង​,​ រតនគិរី​,​ ស្ទឹង​ត្រែង​,​ ឧត្តរមានជ័យ​,​ កែប​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ។

សូមជម្រាបជូនថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន

កាលពីឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាប សរុប ១០,៤៦១ករណី ឃាត់មនុស្ស ២១,៥៦៦នាក់ ក្នុងនោះ ស្រី ១,៣៣៤នាក់។

ជាង ១ម៉ឺនករណីនោះ រួមមាន ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ៦,៧១៥ករណី ឃាត់ ១២,៧៣៩នាក់ (ស្រី ១,០០៣នាក់) និងប្រើប្រាស់ ៣,៧៤៦ករណី ឃាត់ ៨,៨២៧នាក់(ស្រី ៣៣១នាក់) អនុវត្ដន៍ដីកា ៥៣៦ករណី ឃាត់ ៤៩៦នាក់ (ស្រី ១៣នាក់)។

ចាប់យកវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទសរុបជាង ៣,១៧៩គីឡូក្រាម សារធាតុគីមីផ្សំ ៥,០២៥គីឡូក្រាម កញ្ឆាជាង ២៩២គីឡូក្រាម រថយន្ដ ១៦០គ្រឿង ម៉ូតូ ២,៨៣១គ្រឿង ទូរស័ព្ទ ៨,៦១២គ្រឿង ជញ្ជីង ៥៧៩គ្រឿង អាវុធខ្លី ៣២ដើម និង អាវុធវែង ២៦ដើម៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម