ព័ត៌មានជាតិ
ទូតមីយ៉ាន់ម៉ា ស្នើសុំអនុសាសន៍ពីសម្ដេចតេជោ លើដំណោះស្រាយក្នុងវិបត្តិនៅមីយ៉ាន់ម៉ា
ក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណោះស្រាយក្នុងវិបត្តិដែលកំពុងកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ា។

លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា គឺជាភ្ញៀវបរទេសដំបូងគេ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ ក្រោយពេលសម្ដេចតេជោ ក្លាយជាប្រធានព្រឹទ្ធសភា និងក្នុងពេលជាប្រមុខរដ្ឋស្ដីទីពេលនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរចំពោះលោក Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ាប្រចាំកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា លោកទូត នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ កន្លងទៅ និងបន្តមកដល់សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើននៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានរំលឹកនូវកិច្ចខិតខំរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងការពារមីយ៉ាន់ម៉ា រហូតសម្ដេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្ទាល់នៅមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា។
ស្ថិតក្នុងឱកាសនេះ លោកទូត ក៏បានជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៅមីយ៉ាន់ម៉ា នាពេលចុងក្រោយ ដែលមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឱ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាង ណាក៏ដោយ។ បើតាមមន្ត្រីទូតរូបនេះ បច្ចុប្បន្ន មីយ៉ាន់ម៉ា ក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ ជាពិសេសការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ាថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។

ជុំវិញវិបត្តិដ៏ស្មុគស្មាញនេះ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ក៏បានស្នើសុំអនុសាសន៍របស់សម្ដេច តេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ខណៈដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍៥ចំណុចរបស់មេដឹកនាំអាស៊ាន សម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោតដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ខាងមុខនេះ។ បើតាមលោកទូត មានគណបក្សចំនួន៤៥ នឹងចូលរួមការបោះឆ្នោត ហើយរដ្ឋាភិបាល បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីឱ្យវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាព។
ជាការឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពនៅមីយ៉ាន់ម៉ានៅពេលនេះ ហើយពាក់ព័ន្ធនឹងស្ថានភាពនេះ សម្ដេចតេជោ បានរំលឹកពីបំណងរបស់សម្ដេច ក្នុងការបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ាជាថ្មីម្ដងទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។
ទន្ទឹមនេះ សម្ដេចតេជោ ក៏បង្ហាញបំណងចង់ជួបលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិគ្រោះ និងពិភាក្សាប្ដូរយោបល់គ្នាលើការស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅ មីយ៉ាន់ម៉ានេះ។

សម្ដេចតេជោ បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហម ហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះ ជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរ តែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត។ សម្ដេចតេជោ ថា ប៉ុន្តែដោយគោលនយោបាយឈ្នះឈ្នះ របស់សម្ដេច និងការជំនះរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា ទើបបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


