រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំទីតាំងយកសំណាកមួយនៅសាលសហគមន៍កោះពេជ្រ សម្រាប់សម្រួលដល់ជនជាតិចិន។
ជាមួយគ្នានេះ លោកស្រី ក៏សូមអំពាវនាវ ដែលអ្នកពាក់ព័ន្ធដែលមានការសង្ស័យថា បានប៉ះពាល់ ដោយប្រយោល ឬសង្ស័យបានជួបប្រាស្រ័យ ជាមួយករណី “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” អាចអញ្ជើញមកកោះពេជ្រដើម្បីយកសំណាក និងពិគ្រោះជាមួយគ្រូពេទ្យ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃនេះ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានរៀបចំ និង អំពាវនាវឱ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង ទៅធ្វើតេស្តរកកូវីដ-១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀល។
ក្រសួងសុខាភិបាលបានបង្ហាញជាផ្លូវការនូវទីតាំងចំនួន២៣ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលក្នុងនោះមានក្លិបកម្សាន្ត ភោជនីយដ្ឋាន អាផាតមិន សណ្ឋាគារ សាលារៀន ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង, ចំការមន ដូនពេញ, ទួលគោក, ជ្រោយចង្វារ, ៧មករានិងពោធិ៍សែនជ័យ។ ទីតាំងទាំងនេះក៏ត្រូវបានបិទរួចហើយដែរ។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
គួរឱ្យដឹងដែរថា គិតដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបចំនួន ៧៦នាក់។ ដូចនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៥៦៨នាក់ ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖ បន្ទាន់! ក្រសួង អំពាវនាវអ្នករត់ឡាន TAXI និងម៉ូតូកង់បី ទៅធ្វើតេស្តរកកូវីដ-១៩