លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា ក្នុងនាមក្រសួងសង្គមកិច្ចបានរៀបចំផែនការរួចជាស្រេចលើការរៀបចំសកម្មភាពបន្ថែមនៃការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ឥរិយាបថ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
លោកឈួរ សុបញ្ញា អះអាងបែបនេះក្នុងពេលប្រជុំជាមួយតំណាងអង្គការ UNICEFនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីផ្លាស់ឥរិយាបថសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
លោក ឈួរ សុបញ្ញាបានថ្លែងថា បន្ទាប់ពីមានការអំពាវនាវក្រសួងសង្គមកិច្ចរួចមកសកម្មភាពរបស់CTPជាប្រចាំថ្ងៃនៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រគ្រប់មូលដ្ឋាន បានមកទទួលនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ដៃផ្ទាល់ជាហូរហែតែម្ដងដោយនៅថ្នាក់រាជធានី មានរដ្ឋបាលរាជធានី មានមន្ទីរសង្គមកិច្ច និងនៅខេត្តមន្ទីរសុខាភិបាលហើយនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ។
ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ហើយបាននឹងកំពុងបន្តសហការជាមួយអង្គការ UNICEFដើម្បីផ្លាស់ឥរិយាបថសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំតែម្ដង។
សូមបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានីខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅក្បែរ៕
អត្ថបទ៖ វិមាន