កម្លាំងនគរបាលចរាចរខេត្តសៀមរាប បានប្រគល់សត្វសុនខ(ឆ្កែ)ចំនួន៥៨ក្បាលទៅមន្ត្រីជំនាញនិងអង្គការ Four Paws យកទៅថែរក្សាបន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះថា ដោយមានការគាំទ្រពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោកអភិបាលខេត្តសៀមរាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង លេខ២៩មកខ.សជណ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាដសត្វសុនខ(ឆ្កែ)។
សេចក្តីជូនដំណឹងនេះ ត្រូវបានផ្សព្វផ្សាយទូលំទូលាយពិសេសស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។លោកបន្តថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មានរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2S.2158 បើកបរដោយឈ្មោះ ផាត សៀងហាក់ ចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តកំពង់ចាម បានបង្កគ្រោះថ្នាក់ចរាចរណ៍។ ដោយពិនិត្យឃើញក្នុងរថយន្តមានដឹកសត្វសុនខ ចំនួន៥៨ក្បាល(ញី៣៨ក្បាល) ធ្វើអាជីវកម្ម។
ក្នុងនោះដែរ លោកប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានជូនដំណឹងដល់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកបន្ថែមថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហការជាមួយក្រុមការងារអង្គការ Four Paws បានអនុវត្តវិធានការថែទាំសុខភាពសត្វសុនខ ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៥៨ក្បាល (ញី៣៨ក្បាល)នៅស្ថាននីយ ស្រាវជ្រាវផលិតកម្ម និងបសុព្យាបាលសត្វទឹកវិល។ ជាមួយគ្នានោះដែរ ប្រធានគម្រោងនៃអង្គការ Four Paws បានឲ្យដឹងនៅថ្ងៃទី២៤នេះថា អង្គការ Four Paws ជាអង្គការមួយដែលមានភារកិច្ចគាំពារសត្វសុនខ(ឆ្កែ) ហើយអង្គការបានសុំកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការថែទាំសត្វសុនខ។
ប្រធានគម្រោងដដែលបានបន្តថា ផែនការបន្តអង្គការបានយកសត្វសុនខ(ឆ្កែ)ទាំងនេះទៅផ្ញើនៅក្នុងស្ថានីយ ស្រាវជ្រាវផលិតកម្ម និងបសុព្យាបាលសត្វទឹកវិល ជាបណ្តោះអាសន្នសិន ក្នុងនោះយើងបានចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត និង ការពារជំងឺDHPP,ប្រើថ្នាំកម្ចាត់ចៃ ដោយAlprocide និងថ្នាំទម្លាក់ព្រូនដោយCanex/Mebendazole, – ចាក់ មីក្រូឆីប/Animal ID។ ប្រធានគម្រោងដដែល បញ្ជាក់ថា បច្ចុប្បន្នខាងអង្គការកំពុងរកទីតាំងសមរម្យណាមួយឲ្យសត្វសុនខ(ឆ្កែ)ទាំងនេះ ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តចង់ចិញ្ចឹម។ ទោះជាយ៉ាងនេះក្តី គេសង្ឃឹមថា ការធ្វើអាជីវកម្មសត្វសុនខ(ឆ្កែ)នឹងត្រូវបានកាត់បន្ថយជាបណ្តើរៗ ទៅតាមសេចក្តីជូនដំណឹងលេខ២៩មកខ.សជណ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាដសត្វសុនខ(ឆ្កែ)៕
អត្ថបទ៖ កុសល
សូមចុចអាន៖ អាជ្ញាធរខណ្ឌដូនពេញប្រើធម៌ក្ដៅលើរថយន្តធុនធំដែលបើកលើផ្លូវហាមឃាត់ចូលក្រុង