Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មនុស្ស​ជាង​៦៧០០​នាក់​ត្រូវបានធ្វើតេស្ត​​

បានផុស

នៅ

​​លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ​ថា ​ចាប់​តាំងពីថ្ងៃ​ទី​២០​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៥​កុម្ភៈ​នេះ ​ក្រសួង​បានធ្វើ​តេស្ត​ទៅលើ​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៦៧៧០​នាក់ ​ក្នុងនោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ចំនួន​១៩៤​នាក់​ ស្រី​៩៦​នាក់ ​និង​ប្រុស​៩៤​នាក់​ភាគច្រើន​ជា​ជន​ជាតិចិន​។ ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ មានការ​កើនឡើង​យ៉ាង​គំហុក​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ​ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ថ្មី​ចំនួន​៦៥​នាក់ ​ក្នុងនោះ​មាន​៥៨​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ«​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​អ្នកជំងឺ​៧​នាក់​ផ្សេងទៀតគឺជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​ ក្នុងចំណោម​អ្នកជំងឺ​ឆ្លង​ក្នុង​សហគមន៍​ទាំង​៥៨​នាក់ មាន​ជនជាតិ​ចិន​ចំនួន៤១​នាក់ វៀតណាម​៩​នាក់ ខ្មែរ​៥​នាក់ កូរ៉េ​ម្នាក់ ស​ង្ហិ​បុរី​ម្នាក់ និង​ជប៉ុន​ម្នាក់​។​

ចំណែក​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ហើយ​រកឃើញ​កូ​វីដ​១៩ ចំនួន​៧​នាក់​វិញ គឺមាន​ជនជាតិខ្មែរ​ម្នាក់ ដែលជា​កងទ័ព​មួក​ខៀវ និង​៦​នាក់​ផ្សេងទៀត​ជា​ជន​ជាតិចិននៅ​ខេត្ត​ព្រះសីហនុ​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន៦៩៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន៤៧៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មាន​ចំនួន២១៧​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម