រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខ អ្នកដែលបានចូលមង្គលការក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុងពិធីនោះមានអ្នករកឃើញវិជ្ជមានកូវីដ១៩ម្នាក់ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួងសុខាភិបាល បីការពារបីកុំ និងបង្កើនការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមសហគមន៍ ខណៈកម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ បន្ទាប់មានព្រឹត្តការណ៍២០កុម្ភៈ។ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យក្នុងមូលដ្ឋាន ការតាមដានបញ្ហាសុខភាពជាប្រចាំ ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
ឯកឧត្ដម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងពិធីសំណេះសំណាលជាមួយអ្នកចូលរួមពិធីមង្គលការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ខណៈដែលមានអ្នកវិជ្ជមានកូវីដម្នាក់ ដែលមកចូលរួមពិធីនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរទាំបញ្ហាសុខភាពឲ្យបានល្អប្រសើរ និងកុំរើសអើងគ្នាហើយ ឯកឧត្តម រដ្ឋមន្ត្រី បានពាំនាំនូវសម្ភារៈ ស្បៀងអាហារ ថ្នាំសង្កូវ មកចែកជូនអ្នកសង្ស័យនិងកំពុងតាមដានសុខភាពនៅតាមមណ្ឌលចត្តាឡីស័កផងដែរ។
គូសបញ្ជាក់ផងដែរថា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង អ្នកដែលប៉ះពាល់ដោយប្រយោល និងផ្ទាល់សរុបប្រមាណជាង៧០០នាក់ដោយក្នុងនោះដែរ អ្នកដែលមានការសង្ស័យប៉ះពាល់កម្រិតខ្ពស់សរុបប្រមាណ១២នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សា ស ខេង ទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ហើយអ្នកដែលសង្ស័យប៉ះពាល់ប្រយោលកម្រិតស្រាលត្រូវបានធ្វើការថែរទាំតាមដានសុខភាពនៅតាមខ្នងផ្ទះរៀងខ្លួនផងដែរ៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ កិច្ចសហការល្អរបស់ខេត្តព្រះសីហនុ ជុំវិញកម្មវិធីឧបត្ថម្ភប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ