លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនៅតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីសម្រេចចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ត្រូវបានបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលគណៈកម្មការនេះ មានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន, នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ជាអនុប្រធាន, លោកឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអនុប្រធាន, លោក ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន, លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន និងមានសមាជិកចំនួន០៨រូបទៀត។
សូមបញ្ជាក់ថា កាលពីទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍យល់ព្រមឲ្យអនុវត្តនូវវិធានការច្បាប់ចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការសុខាភិបាល តាមការស្នើសុំរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានជំងឺកូវីដ-១៩ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
កាលពីថ្ងៃទី២២ ខែកុម្ភៈ លោកឧត្តមសេនីយ៍ ឯក ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តច្បាប់ចំពោះបុគ្គល ដែលមិនធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល និងគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក ព្រមទាំងមិនសហការផ្តល់ការសម្ភាសន៍ជាដើម។
ចំណុចដែលស្នើសុំគោលការណ៍នោះរួមមាន ១. ចំពោះជនបរទេសសូមគោរពស្នើសុំបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។ ២. ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។ ៣. ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕
អត្ថបទ ៖ កោះកែវ