លោកស្រីអភិបាលខេត្តកោះកុង បានស្នើសុំដល់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជួយគាំទ្រលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងវិស័យកសិកម្ម គ្រាភូមិសាស្ត្រតាមស្រុកនីមួយៗឆ្ងាយដាច់ស្រយោល និងរស់នៅលើដែនកោះ។
ការស្នើសុំឡើងរបស់លោកស្រី មិថុនា ភូថង បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយជាមួយលោកស្រី ដេរយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា អំឡុងពេលបេសកម្មការងារនៅខេត្តកោះកុងភាគនិរតីនៃប្រទេសកម្ពុជា។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះថា កុមារនៅតាមទីជនបទ ឬដែនកោះកុង មានភាពខ្វះខាតច្រើនលើការគាំពារវិស័យអប់រំ អគារមណ្ឌលសុខភាព និងមន្ត្រីពេទ្យប្រចាំការបម្រើសេវាពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋាន។
រីឯបច្ចេកទេសនៃការដាំដុះដំណាំវិញ កសិករនៅខ្វះធនធានចំណេះដឹង និងថវិកា សម្រាប់ការបង្កបង្កើនផលស្វែងចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ទោះបីជាមានអង្គការ និងមន្ត្រីមួយចំនួនចុះបណ្តុះបណ្តាលអប់រំណែនាំពីយុទ្ធសាស្ត្រធ្វើដំណាំបែបធន់នឹងអាកាសធាតុយ៉ាងណាក៏ដោយ។
មិនចំពោះតែវិស័យទាំងបីខាងលើទេ លោកស្រីអភិបាលខេត្ត ជំរុញឱ្យឥណ្ឌាអាចពិនិត្យមើលសម្រាប់ការអភិវឌ្ឍន៍បានអំពីសក្តានុពលអេកូទេសចរ សេដ្ឋកិច្ចពាណិជ្ជកម្ម រួមមានវិស័យឧស្សហកម្មជាដើម។
លោកស្រីមិថុនា ភូថង ក៏មានបំណងចង់ចងសម្ព័ន្ធភាពខេត្តកោះកុងទៅនឹងខេត្តណាមួយរបស់ប្រទេសឥណ្ឌាដែរ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព តាមរយៈការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរសំដៅធ្វើយ៉ាងរកភាពអភិវឌ្ឍន៍ជឿនលឿនទៅមុខ។
លោកស្រីដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលសំខាន់ៗដែលខេត្តកោះកុងកំពុងមាន ដោយលើកឡើងនូវបំណងគៀងគររកអ្នកវិនិយោគមកបំណាក់ទុនទៀតផងនាពេលខាងមុខ។
ឥណ្ឌា កំពុងមើលពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៅភូមិសាស្ត្រតំបន់សេដ្ឋកិច្ចពិសេសខេត្ត តំបន់អេកូទេសចរធម្មជាតិ និងតំបន់អភិវឌ្ឍន៍តារាសាគរ ជាតំបន់ពហុវិស័យដោយអាចស្វែងយល់ និងបំណាក់ទុនវិនិយោគបាន។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ទទួលស្គាល់ដែរថា ខេត្តកោះកុង មានផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះ និងតំបន់សក្តានុពលសំខាន់ជាច្រើនទៀត ទាំងកំពុងអភិវឌ្ឍន៍ និងមិនទាន់អភិវឌ្ឍន៍។ ដូច្នេះឥណ្ឌានឹងពិនិត្យរាល់សំណើសុំរបស់អាជ្ញាធរខេត្ត ដើម្បីភ្ជាប់ទំនាក់ទំនងមិត្តភាពររវាងប្រទេសទាំងពីរ ព្រមទាំងគៀងគរបណ្តាអ្នកវិនិយោគមកកាន់ខេត្តកោះកុងនៅពេលខាងមុខ។
ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់អេកូទេសចរធម្មជាតិ បម្រើដល់វិស័យទេសចរណ៍កម្សាន្ត ដោយមានតំបន់ទេសចរណ៍ជាច្រើន មានទាំងបានកែច្នៃ និងមិនទាន់កែច្នៃបានល្អនៅឡើយទេ។ ទៀតសោត ខេត្តនេះកំពុងត្រូវបានអ្នកវិនិយោគចាប់អារម្មណ៍ទៅការអភិវឌ្ឍន៍គម្រោងធំៗក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ