Connect with us

ព័ត៌មានជាតិ

ស្វែងយល់ បញ្ហាប្រឈមធំៗបួននៃជំងឺ កូវីដ-១៩ សម្រាប់ពិភពលោក

បានផុស

នៅ

ជំងឺកូវីដ-១៩ បាន និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្ស​រាប់លាននាក់នៅជុំវិញពិភពលោក។ ដូច្នេះប្រទេសទាំងអស់ត្រូវចាត់ទុកអាយុជីវិត សុវត្ថិភាព និងសុខភាព​របស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងជំរុញសាមគ្គីភាពជាសកលដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចក្ខុវិស័យនៃការកសាងសហគមន៍​សុខភាពពិភពលោកសម្រាប់មនុស្សទាំងអស់ និងស្មើៗគ្នា។ បញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក មានដូចជា៖

ទី១ ចំនួននៃការឆ្លងមេរោគកូវីដ-១៩ យ៉ាងច្រើននៅទូទាំងពិភពលោក

​បើយោងតាមប្រភពទិន្នន័យប្រចាំការផ្ទាល់នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩​ របស់សាកលវិទ្យាល័យ  Johns Hopkins University នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ​-១៩ សរុបទូទាំងពិភពលោក មានចំនួនជាង ១១៥លាននាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលនាំមុខគេជាមួយនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៩លាននាក់ ទីពីរគឺឥណ្ឌា ចំនួន ១១លាននាក់ និងទីបីគឺប្រេស៊ីល ចំនួន ១០លាននាក់។ ក្រៅពីនេះ ប្រទេសប្រមាណ១០ទៀត មានអ្នកកើតជំងឺកូវីដ-១៩ លើសពី៥០,០០០ ករណី ដូចជា  ម៉ិចស៊ិចកូ ចក្រភពអង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់ អេស្ប៉ាញ អាល្លឺម៉ង់ និង កូឡុំប៊ី ជាដើម ខណៈពេលដែលប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ​) ចំនួនអ្នកឆ្លងជំងឺបានធ្លាក់ចុះជាបន្តបន្ទាប់។ អ្នកស្លាប់ដោយ​ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានចំនួន ២.៤៥លាននាក់ ហើយសហរដ្ឋអាមេរិកតែឯងមានករណីស្លាប់ចំនួន ៥២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាអ្នកស្លាប់ដ៏ច្រើនលើបលប់នៅសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ-១៩ បានកើនលើសពីអត្រាអ្នក​ស្លាប់ក្នុងសង្គ្រាមលោកលើកទីមួយ សង្គ្រាមលោកលើកទីពីរ សង្គ្រាមវៀតណាម សង្គ្រាមកូរ៉េ និងព្រឹត្តិការណ៍​ថ្ងៃវាយប្រហារដោយពួកវេរកម្ម ថ្ងៃ១១ ខែកញ្ញា ទៅទៀត។ វិបត្តិនៃការរីករាលដាលដ៏ធ្ងន់ធ្ងរបំផុតនោះគឺក្នុងរដូវរងារ ដោយសារតែមូលហេតុធំៗចំនួនបួន។ ទីមួយ លោក​​ ​ដូណាល់ ត្រាំ បានញុះញង់ឱ្យមាន​​ការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ហើយអ្នកគាំទ្ររបស់លោកជាច្រើនមិនបានពាក់ម៉ាស់ការពារ។​ ទីពីរ មិត្តភក្តិ និងសាច់ញាតិជាច្រើនបានមកជួបជុំគ្នាក្នុងថ្ងៃបុណ្យរំលឹកគុណ ថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លង​ឆ្នាំសាកល។ ទីបី ប្រជាពលរដ្ឋអាមេរិកជាច្រើនបានជួបជុំ និងធ្វើសកម្មភាពក្នុងផ្ទះ ជាជាងនៅខាងក្រៅ ហើយចំណុចចុងក្រោយនោះ គឺដោយសារការរីករាលដាលនៃមេរោគវិវត្តថ្មី។​​

ទី២ ការស្វែងរកប្រភពមេរោគកូវីដ-១៩ ៖ ភស្តុតាងពីប្រភពផ្សេងៗ

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានមកដល់ទីក្រុង​វូហាន​ប្រទេស​ចិន​ដើម្បី​ស៊ើបអង្កេតពី​ប្រភព​នៃ​ជំងឺ​កូវីដ-១៩។​ នៅថ្ងៃទី១៥​ ខែមករា អង្គការសុខភាពពិភពលោកបានលើកឡើងថា មានការសិក្សាមួយចំនួនបានរកឃើញនូវវត្តមានមេរោគផ្លូវដង្ហើមប្រភេទថ្មីនៅឆ្នាំ២០១៩ តាមរយៈការធ្វើរោគវិនិច្ឆ័យ និងវិភាគតេស្តឈាម។​ នៅថ្ងៃទី២២ ខែមករា លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​ និងប្រធានក្រុមស្រាវជ្រាវមេរោគកូវីដ-១៩នៃ​អង្គការ​សុខភាព​ពិភព​លោក បាននិយាយ៖ “វាពិតជាលឿនពេកហើយ ដើម្បីកំណត់ថាតើមេរោគកូវីដ-១៩មានប្រភពមកពីណានោះ”។ លោកបានបន្តទៀតថា វា “សឹងតែមិនអាចទៅរួចទេ” ដែលថាមេរោគនេះបានលេចធ្លាយចេញពីមន្ទីពិសោធន៍នៅទីក្រុងវូហាននោះ។

ការស្វែងរកប្រភពដើមនៃមេរោគកូវីដ-១៩ ពិតជារឿងដ៏លំបាកមួយ ហើយទាមទាររយៈពេល​វែងឆ្ងាយ។ ប្រទេសទាំងអស់ក្នុងសាកលលោកត្រូវតែសហការគ្នាដើម្បីស្វែងរកប្រភពដើម និងយន្តការនៃការឆ្លងរាលដាល​របស់មេរោគនេះ។​ ក៏ប៉ុន្តែ មានព័ត៌មាន ភស្តុតាង និងការសិក្សាស្រាវជ្រាវ បន្តបន្ទាប់ពីប្រទេសផ្សេងៗបានបង្ហាញថាប្រភេទមេរោគ SARS-CoV-2 បានកើតមានឡើងនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ២០១៩។

ឧទាហរណ៍ នៅប៉ែកខាងជើងប្រទេសបារាំង ក្រុមគ្រូពេទ្យបានរកឃើញអ្នកជំងឺផ្នែកប្រព័ន្ធដង្ហើម ភេទប្រុស អាយុ៤២​ឆ្នាំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ហើយក្រោយមក រកឃើញថាមានវ៉ីរ៉ុសកូរូណាផ្លូវដង្ហើមថ្មី (coronavirus nucleic acid)​ នៅក្នុងសម្លីដែលគេដកចេញពីច្រមុះរបស់គាត់ ហើយករណីនេះក៏ត្រូវបានលើកយកមកបោះពុម្ភផ្សាយផងដែរនៅក្នុង ទិនានុប្បវត្តិ​អតិសុខុមជីវសាស្ដ្រ​អន្តរជាតិផងដែរ (International Journal of Microbiology)។​​

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លងរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ទីមួយក្នុងទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែ របាយការណ៍បោះពុម្ពផ្សាយដោយមជ្ឈ​មណ្ឌល​ ​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លងនៅក្នុងទិនានុប្បវត្តិឈ្មោះ Clinical Infectious Diseases បង្ហាញថាក្នុងការធ្វើតេស​ ឈាមចំនួន៣៩ករណី ដែលប្រមូលដោយកាកបាទក្រហមអាមេរិក នៅរដ្ឋ California, Oregon, និង Washington ចាប់ពីចន្លោះថ្ងៃទី១៣ ធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រកឃើញថាមានអង្គបដិប្រាណជាមួយនឹងវីរុសកូរ៉ូណានេះ ហើយការរកឃើញ​នេះបញ្ជាក់ថា វីរុសកូរ៉ូណានេះបានក៏កើត និងរីកសាយនៅសហរដ្ឋអាមេរិកចាប់ពីចុងឆ្នាំ២០១៩ នោះមក។​

ទី៣ មេរោគកូវីដ (វីរុស) បំប្លែងខ្លួនថ្មី៖ ការគ្រប់គ្រងស្ថានភាពនៅពេលបច្ចុប្បន្ន និងអនាគតមិនច្បាស់លាស់

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានបង្ហាញថា យ៉ាងហោចណាស់ មាន៦០ប្រទេសហើយ ដែលបានឆ្លងវីរុសវិវត្តថ្មី B117 ដែលត្រូវបានគេរកឃើញដំបូងបំផុតនៅ ចក្រភពអង់គ្លេស ជាមួយនឹងប្រទេសជាង១០ ដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីកាលពីសប្តាហ៍មុន និង២៣ប្រទេសទៀតមានវីរុសបំប្លែងខ្លួនថ្មី 501Y.V2 ដែលផ្ទុះឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិក បារាំង ដាណាម៉ាក និងប្រទេសជាច្រើនទៀតបានក្រើនរំលឹករួចមកហើយថា វីរុសបំប្លែងខ្លួនថ្មីនឹងមានគ្រោះថ្នាក់បំផុត។

​ វីរុសបំប្លែងខ្លួនថ្មីមានអត្រាឆ្លងកើនឡើងដល់ទៅចន្លោះពី៤០ ទៅ៧០ភាគរយ។ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១  ចក្រភពអង់គ្លេស​​ មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ​៥,៨០០ ករណី តែក្នុងរយៈពេលមួយថ្ងៃ។​ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានលើកឡើងថា​    “វីរុសបំប្លែងខ្លួនថ្មីនឹងបង្កឱ្យមានចំនួនអ្នកស្លាប់កើនឡើងថែមទៀត”។ អត្រាចំនួនអ្នកស្លាប់ក្នុងម្នាក់ៗគឺ១.៤៩% (មានន័យថា ចំនួនអ្នកស្លាប់គឺ ៩៨,១២៩ នាក់ក្នុងចំណោមប្រជាជនសរុប ៦៦លាននាក់) ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

ដោយសារតែការរាតត្បាតនៅរដូវរងារ និងការឆ្លងរីករាលដាលយ៉ាងលឿននៃវីរុសបំប្លែងខ្លួនថ្មីនេះហើយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ បានបិទព្រំដែនរបស់ខ្លួនជាបន្តបន្ទាប់ធ្វើឱ្យប្រជាជនទ្វីបអ៊ឺរ៉ុបជាង ២៣០លាននាក់ ត្រូវរស់នៅក្នុងស្ថាពភាពបិទប្រទេស។

ទី៤ វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩៖ ការបែងចែកដោយអយុត្ដិធម៌ និងក្តីបារម្ភពីសុវត្ថិភាព

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានលើកឡើងថាប្រទេស១០ ដូចជា សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស អ៊ីស្រាអែល  អេមីរេតអារ៉ាប់រួម អ៊ីតាលី រុស្ស៊ី អេស្ប៉ាញ និងកាណាដា​ គ្រប់គ្រង ៩៥ភាគរយ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ប្រើប្រាស់ក្នុងពិភពលោក។  

ក្រុមប្រទេសអភិវឌ្ឍន៍និងមហាអំណាចកាន់កាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើសពីចំនួនប្រើប្រាស់របស់ពលរដ្ឋខ្លួន និងមិនបានខ្វល់ខ្វាយពីសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានការ​គាំពារសុខភាពសម្រាប់បណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើនៗ ដែលកំពុងស្ថិតក្នុងស្ថាន​ភាពគ្រោះថ្នាក់ខ្លាំង (ដោយ​សារកង្វះបុគ្គលិកសុខាភិបាល និងចំនួនមនុស្សចាស់ដ៏ច្រើន)។ នាយក​អង្គការ​សុខភាពពិភពលោក លោក Tedros Adhanom កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ បានក្រើនរំលឹកថា ពិភពលោកទាំងមូលកំពុងតែខិតជិតដល់ ភាពបរាជ័យផ្នែកសីលធម៌ដ៏គ្រោះថ្នាក់បំផុត ក្នុងប្រវិត្តិសាស្រ្តមនុស្ស​ជាតិ។

ជាក់ស្តែង ប្រទេសអភិវឌ្ឍន៍និងប្រទេសមហាអំណាចខ្លួនឯង ក៏ជួបនឹងវិបត្តិនៃការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយភាពយឹតយ៉ាវ និងអយុត្តិធម៌ផងដែរ។ នៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់ លោក   ដូណាល់ ត្រាំ ខ្វះភាពដឹកនាំ និងបានពន្យាពេល និងបាត់បង់ឱកាសដ៏មានតម្លៃបំផុតក្នុងការជួយសង្រ្គោះអាយុជីវិតពលរដ្ឋអាមេរិកជាច្រើន។ រដ្ឋបាលរបស់លោកបានសន្យាថា យ៉ាងហោចណាស់ មានពលរដ្ឋអាមេរិក​ ២០លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅចុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្តែង មានតែពលរដ្ឋអាមេរិកប្រហែលជាង ២.៨លាននាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំង ដែលតិចជាងការរំពឹងយ៉ាងច្រើនបំផុត។  

អង្គការសុខភាពពិភពលោកបានចាប់ផ្តើមវាយតម្លៃវ៉ាក់សាំងពីរប្រភេទទៀត របស់ប្រទេសចិន Kexing និង Guoyao។ ប្រសិនបើវ៉ាក់សាំងទាំងពីរនេះត្រូវបានអនុញ្ញាតិដោយអង្គការសុខភាពពិភពលោកសម្រាប់ ​ប្រើ​ប្រាស់​ក្នុង​គ្រា​អាសន្ន ជាមួយនឹងវ៉ាក់សាំង Pfizer និង Modena mRNA​ ដែរនោះ អាយុជីវិតប្រជាជនរាប់លាននាក់ក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ នឹងត្រូវបានជួយសង្រ្គោះឱ្យរួចផុតពីគ្រោះថ្នាក់។ ប្រទេសចិនមានសមត្ថភាព និងសង្វាក់ផលិតកម្មខ្ពស់ ដែលអាចធានាបានការផលិតចំនួនវ៉ាក់សាំងររាប់រយលានដូសក្នុងមួយឆ្នាំៗ សម្រាប់បែបចែកដោយយុត្តិធម៌ដល់ដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ តាម​​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោកដែល​ហៅ​ថា COVAX។​

​សរុបសេចក្តីមក វ៉ាក់សាំង​កូវីដ១៩មិនមែនជាឱសថទិព្វដែលអាចការពារមេរោគនេះរហូតនោះទេ។ តាមរយៈលទ្ធផលនៃការធ្វើពិសោធន៍​វ៉ាក់សាំង​ដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះអាចមានរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ហើយមិនមានអាយុកាលច្បាស់លាស់ទៀតផង។ ប្រភេទមេរោគកូវីដបំប្លែងខ្លួនថ្មីអាចនៅក្នុងខ្លួនរបស់មនុស្សយើងជារៀងរហូត។ ដូច្នេះ ប្រសិនបើមិនមានថ្នាំច្បាស់លាស់បែបនេះ តើនេះមានន័យថាយើងម្នាក់ៗត្រូវការចាក់វ៉ាក់សាំងពីរដងរាល់ឆ្នាំមែនទេ? ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍នឹងមិនមានលទ្ធភាព​ ហិរញ្ញវត្ថុដើម្បីទិញវ៉ាក់សាំងមកឱ្យប្រជាជនខ្លួននោះឡើយ ហើយគេនឹងមិនអាចពឹងទៅលើជំនួយពីអង្គការសុខភាពពិភពលោក   និងប្រទេសអភិវឌ្ឍន៍រាល់ឆ្នាំនោះដែរ។ ​បន្ទាប់ពីការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចំណុច​​ធំៗដូចជា ហានិភ័យដល់មនុស្សចាស់ជរា និងអ្នកមានជំងឺរាំរ៉ៃ ផលប៉ះពាល់នៃការធ្វើឱ្យប្រសើរលើអង្គបដិបក្ខប្រាណ ការចាក់វ៉ាក់សាំងដល់ប្រជាជននៅតំបន់ជនបទ និងការឆ្លងរីករាលដាលជាថ្មីត្រូវតែដោះស្រាយ​ដោយការយកចិត្តទុកដាក់ និងការប្រុង​ប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទ៖ Sambath Kem

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម