Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ផ្តើម​ដាក់កម្លាំងត្រួតពិនិត្យ ច្រក​ផ្លូវ​ចេញ-ចូល ខេត្តព្រះសីហនុ

បានផុស

នៅ

ការធ្វើដំណើរឆ្លងចេញ-ចូលខេត្តព្រះសីហនុ នឹងត្រូវរឹតបន្តឹង ឬផ្អាកជាបណ្តោះអាសន្ន ដោយ​លើក​លែងតែរយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ ឬបងប្អូនប្រជាពលរដ្ឋ​ដែលមាន​ធុរៈសំ​ខាន់​តែប៉ុណ្ណោះ។

នៅម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តបិទ នឹងរឹតបន្តឹងការធ្វើចរាចរ ផ្លូវចេញចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ចំនួន២គោលដៅធំៗ រួមមាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ  ដែលជាព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពតចន្លោះគីឡូម៉ែត្រ ៣៣ ទៅខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅទី២ នៅផ្លូវជាតិលេខ៤៨ ផ្លូវបំបែកស្រែអំបិល កោះកុងនិងផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគី ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃនេះថា សមត្ថ​កិច្ចមិនបានបិទ​ផ្លូវទាំង​យស្រុងនោះទេ គ្រាន់តែទប់ស្កាត់ នឹងត្រួតពិនិត្យការធ្វើដំណើរ មើលពីគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ នៅខេត្តព្រះសីហនុ និងដាក់ផែន​ការផ្អាកការ​ធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន។

តាមរដ្ឋបាលខេត្តវិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត ដោយសម្រេចផ្អាកការ​ធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម