Connect with us

ព័ត៌មានជាតិ

ឆ្លើយតប​ទូត​អាមេរិក​៖ លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​ច្បាប់​

បានផុស

នៅ

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាងថា លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើកទូលាយ​ជានិច្ច​សម្រាប់​អ្នកអនុវត្ត​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ហើយ​ការអនុវត្ត​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស មិនមែន​ជាការ​រឹតត្បិត​លម្ហ​ប្រជាធិបតេយ្យ​នោះទេ ចំណែក​ការរិះគន់​លើ​នីតិវិធី និង​ការសម្រេច​របស់​តុលាការ ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា ដើម្បី​តែ​ការពារ​ក្រុម​ជនល្មើស​នោះ វា​ជាកា​រិះគន់​បែប​អយុត្តិធម៌ និង​មាន​ស្តង់ដា​ពីរ​។​

​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ លោក ជិន ម៉ា​លីន បានលើកឡើង​៣​ចំណុច ដែលជា​ចំណេះដឹង​ផ្នែក​ច្បាប់ ទាក់ទង​ព្រឹត្តិការណ៍​៩ វិច្ឆិកា ដែល​អ្នក​ជាប់​ពាក់ព័ន្ធ និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​៖ ទី​១. ផែនការ​វិលត្រឡប់រ​បស់​ទណ្ឌិត សម រង្សី នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ជាពិសេស​ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ចេញពី​ដំណែង តាមរយៈ​យុទ្ធនាការ​ញុះញង់​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ឱ្យ​បះបោរ​តាម​រូបភាព​បដិវត្ត​ហឹ​ង្សា និង​ការបង្កើត​មូលនិធិ​ដើម្បី​ធ្វើ​សកម្មភាព​រដ្ឋប្រហារ​នេះ​។ សកម្មភាព​ទាំងនេះ គឺជា​អំពើ​វិទ្ធង្សនា ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​ទី​២. ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ ត្រូវ​ផ្តន្ទាទោស​ក្រោម បទល្មើស “​ឧបឃាត​” ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ផែនការ​នេះ ត្រូវ​ជាប់ទោស​ពីបទ រួមគំនិត​ក្បត់​។ អំពើ​វិទ្ធង្សនា​ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​បែបនេះ តែងតែមាន​ការចូលរួម​និង​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ជាច្រើន ហើយ​ដែល​កម្ពុជា​មិនមែនជា​ករណី​ដោយឡែក​នោះទេ ដូចជា​ករណី​រដ្ឋប្រហា​រ​មិនបាន​សម្រេច​នៅ​តួ​គី​ជាដើម ដែលមាន​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន និង​សូម្បីតែ​ករណី​ហឹ​ង្សា​នៅ​វិមាន​រដ្ឋសភា​កា​ពី​តូ​ល​របស់​អាមេរិក​នាពេល​ថ្មីៗ​នេះ ក៏មាន​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ជាង​១០០​នាក់​ដែរ និង​កំពុងតែ​ស្វែងរក​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត​។​

​ទី​៣. ជាគោលការណ៍​ច្បាប់ អ្នក​ដែល​ពាក់ព័ន្ធ និង​រង​ការចោទប្រកាន់​ក្នុង​ព្រឹត្តិការ ៩ វុ​ច្ឆិ​កា នេះ ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ និង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​ដោយមាន​ជំនួយ​ពី​មេធាវី ដើម្បី​ដោះ​បន្ទុក និង​តតាំង​ជាមួយ​បទ​ចោទ​។ នេះ​ជា​មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់ ដើម្បី​ការពារ​ខ្លួន​រួច​ពីបទ​ចោទ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ មិនមែន​ត្រូវធ្វើ​ការទាមទារ​ដាក់​ស​ម្ពា​ធ​លើ​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​ឱ្យ​ដោះលែង ឬ​ទម្លាក់ចោល​បទ​ចោទ​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក ជិន ម៉ា​លីន បាន​ធ្វើឡើង​បន្ទាប់ពី​លោក ផា​ទ្រិ​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ (Twitter) របស់លោក​ថា យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​លម្អ​នយោបាយ​ឲ្យ​ទូលំទូលាយ​ឡើងវិញ ហើយ​អនុញ្ញាត​ឲ្យ​គ្រប់ភាគី បាន​បញ្ចេញ​សំឡេង និង​បាន​ចូលរួម​ធ្វើ​សកម្មភាព​ដូចគ្នា​។​

​ការ​បង្ហោះ​សារ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​កាត់ទោស​លោក សម រង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប​ផ្សេងទៀត កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ឲ្យ​ជាប់ពន្ធនាគារ​ចាប់ពី​២០ ឆ្នាំ​ដល់​២៥​ឆ្នាំ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម