Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ជំនួយជាង១១ម៉ឺនដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់ការអប់រំកាយ និងអនាម័យនៅតាមសាលារៀន

បានផុស

នៅ

រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌គូសាណូណិ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ ដែលមានទឹកប្រាក់សរុប១១៦,១៧៤ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់យកទៅអនុវត្តផ្នែកអប់រំកាយសម្បទា និងអនាម័យនៅតាមសាលារៀននៅកម្ពុជា។

ពិធីផ្តល់ជំនួយនេះបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជាជាមួយភាគីទទួលជំនួយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា ទឹកប្រាក់ទាំងនេះត្រូវបានផ្តល់បែងចែកទៅឱ្យវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡាចំនួន៩០,៦៤០ដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែនៅក្នុងវិទ្យាស្ថាននេះ ដើម្បីលើកកម្ពស់វប្បធម៌ និងការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។

គរុសិស្ស និងគ្រូប្រមាណ៤០០នាក់នៅវិទ្យាស្ថាននេះ និងសិស្សជាង៩៣ម៉ឺននាក់មកពីសាលារៀនជិតខាង នឹងអាចប្រើប្រាស់ផ្លូវរត់អត្តពលកម្មថ្មីនេះសម្រាប់ការប្រឡង និងព្រឹត្តិការណ៍កីឡាផ្សេងៗ ព្រមទាំងអាចទទួលបានការអប់រំកាយប្រសើរជាងមុន។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តទៀតថា ចំណែកថវិកាចំនួន២៥,៥៣៤ដុល្លារទៀត ផ្តល់ទៅឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងសម្រាប់គម្រោងសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង ដែលមានសិស្សប្រមាណ៨៤០នាក់ និងគ្រូ៨០នាក់ ទទួលផលពីគម្រោងនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៣លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន៦៤២គម្រោងនៅទូទាំងប្រទេសកម្ពុជា សំដៅចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន និងការលើកកម្ពស់វប្បធម៌ និងការអប់រំថ្នាក់ឧត្តមសិក្សានៅកម្រិតមូលដ្ឋាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម