Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាលត្រៀមមណ្ឌលចត្តាឡីស័កធំៗ៣ដើម្បីទទួលលំហូរប្រជាពលរដ្ឋមកពីថៃ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន៣ទីតាំង ដើម្បីឆ្លើយតបទៅនឹងលំហូរនៃការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋ ពិសេសពលករខ្មែរដែលអស់ការងារនៅប្រទេសថៃ ពិសេសជាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ការត្រៀមនោះ រដ្ឋបាលខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន៣ទីតាំងធំៗនៅតាមស្រុកនៅជាប់នឹងផ្លូវជាតិដើម្បីងាយស្រួលទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃមុននឹងបែងចែកឱ្យធ្វើចត្តាឡីស័កបន្តនៅតាមក្រុងស្រុករបស់ពួកគាត់។​

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ទីតាំងទី១ គឺនៅក្នុងវិទ្យាល័យទេពប្រណម្យ នៅស្រុកពញាឮ អ៊ីចឹងប្រជាពលរដ្ឋដែលមកពីខាងផ្លូវជាតិលេខ៥ គឺមានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ជាដើមនេះ គាត់ត្រូវស្នាក់នៅទីតាំងនោះជាបណ្ដោះអាសន្នមុននឹងបញ្ជូនគាត់មកស្រុកក្រុងដែលជាលំនៅឋានរបស់ពួកគាត់។ ទី២គឺនៅ វិទ្យាល័យសិរីមង្គល នៅស្រុកពញាឮ នៅផ្លូវជាតិលេខ៦អា និងទី៣នៅវិទ្យាល័យ កំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង។”

នាយករដ្ឋបាលសាលាខេត្តកណ្ដាល មានប្រសាសន៍បន្តថា ចំពោះការងារត្រៀមទាំងអស់នេះ រដ្ឋបាលខេត្តបានគិតគូរច្បាស់លាស់ ចំពោះប្រជាពលរដ្ឋត្រូវត្រឡប់មកវិញនេះ ដោយមានមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាស្រុកក្រុងទាំងអស់ ត្រៀមរៀបចំសម្រាប់ទទួលពួកគាត់ធ្វើចត្តាឡីស័ក ព្រមទាំងមណ្ឌលសម្រាប់ទទួលពួកគាត់ស្នាក់នៅជារួមមុននឹងបញ្ជូនពួកគាត់ទៅតាមបណ្ដាក្រុងស្រុក។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “អ៊ីចឹងមណ្ឌលចត្តាឡីស័កធំៗទាំង៣នេះ ជាកន្លែងដើម្បីសម្របសម្រួលឱ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននៅពេលមកដល់ទឹកដីខេត្តកណ្ដាល ហើយយើងនឹងបញ្ជូនពួកគាត់ដោយរថយន្តដែលជាមធ្យោបាយគ្រប់គ្រងច្បាស់លាស់របស់រដ្ឋបាលក្រុងស្រុកនីមួយៗទទួលយកទៅ”។

លោក គ្រុយ ម៉ាឡែង បញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាលបានណែនាំឱ្យមន្ត្រីការងារបស់យើងធ្វើការដោយមានភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការបង្ការ ការពារខ្លួនផងដែរ ព្រមទាំងបានបំពាក់សម្ភារៈផ្គត់ផ្គង់ ក៏ដូចជាអាល់កុល ម៉ាស ថវិកា ប្រេងធ្វើដំណើរជាដើម ក្នុងការចុះធ្វើបេសកកម្មតាមបណ្ដាខេត្តជាប់ព្រំដែនថៃ។

គួរបញ្ជាក់ថា នៅពេលនេះមានប្រជាពលរដ្ឋ ពលករដែលបានធ្វើការនៅប្រទេសថៃ បានត្រឡប់មកភូមិកំណើតខ្លួនវិញ ដោយសារបណ្ដាខេត្តនៅប្រទេសថៃមានការស្រាកស្រាន្តរីករាលដាលនៃជំងឺកូវីដ-១៩ ជាងមុន ធ្វើឱ្យពួកគាត់មានលទ្ធភាពចូលតាមច្រកព្រំដែនវិលត្រឡប់មកកម្ពុជាវិញ។ ម៉្យាងទៀត ថៃក៏ជិតដល់ពិធីចូលឆ្នាំដូចខ្មែរ ទន្ទឹមពេលការងារនៅទីនោះត្រូវបានកាត់បន្ថយដែលធ្វើឱ្យពលករខ្មែរទាំងនោះអស់ការងារ ហើយចង់មករកការងារនៅក្នុងប្រទេសកំណើតវិញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

រដ្ឋបាលខេត្តកណ្ដាលចាត់តាំង៤ក្រុមការងារត្រៀមទទួលប្រជាពលរដ្ឋនៅព្រំដែនថៃ

បន្ទាន់! កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម