Connect with us

ព័ត៌មានជាតិ

ក្រុមមន្ត្រី​ជំនាញ​រកឃើញ​គ្រាប់​រ៉ុកកែត​ប្រឆាំង​រថក្រោះ​១​គ្រាប់​ក្នុង​ស្ទឹង​សង្កែ​

បានផុស

នៅ

ក្រុមមន្ត្រី​ប​ច្ចេកទេស​បាន​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​១​គ្រាប់​ជាប្រភេទ​រ៉ុកកែត ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ ក្នុង​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង ​ខណៈ​កំពុងធ្វើការ​អភិវឌ្ឍន៍​កែ​លម្អ​ច្រាំង​ស្ទឹង​សង្កែ​ចៀសវាង​ការបាក់​ស្រុត​បន្តទៀត។​

លោក ​ផេង សិទ្ធី ​អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់ឲ្យដឹងនៅ​ព្រឹក​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២១​នេះថា ​ក្រុម​ជាង​រៀបចំ​កែលម្អ​ច្រាំង​ស្ទឹង​សង្កែត្រង់​ចន្លោះ​ស្ពានថ្ម​បុរាណ​និង​ស្ពានថ្ម​ថ្មី​មុខ​សាលាខេត្ត​បាត់​ដំបង​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន១​គ្រាប់​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ដោយកប់​នៅ​បាត​ស្ទឹង​សង្កែ​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រែក​តាតន់​ សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​/ខេត្ត​បាត់​ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អង្គភាព​ជំនាញ​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាប់​យុទ្ធ​ភណ្ឌ​ដែល​ប្រទះឃើញ​ខាងលើនេះ​ ជា​ប្រភេទ​គ្រាប់​រ៉ុកកែត​ប្រឆាំង​រថក្រោះ​ធុន​មី​៤១(Mi41)​ផលិត​នៅ​សហភាពសូវៀត​ដែល​វា​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​កម្ទេច​រថក្រោះ​។​

បច្ចុប្បន្ន​ទីតាំង​គ្រាប់​រ៉ុកកែត​១​គ្រាប់​នេះ ​ក្រោយពី​ក្រុមបច្ចេកទេស​រកឃើញ​មន្ត្រី​អង្គភាព​កំចាត់មីន​ទី​២​បាន​ចុះ​ហ៊ុមព័ទ្ធ​ដាក់​សញ្ញា​សំគាល់​បម្រាម​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ឈានដល់​កំ​ណត់​ថ្ងៃ​កម្ទេចចោល​នៅ​ហ្នឹង​កន្លែង​ឬក៏​នាំយកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​រងចាំ​ពេលវេលា​បំផ្លាញចោល​តាម​ដែល​អាចធ្វើ​ទៅបាន​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម