ជនពិការគ្រប់រូបទូទាំងប្រទេស ត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ត្រៀមរៀបចំច្បាប់ ដើម្បីអនុវត្តវិធានការចំពោះបុគ្គលណា ដែលប្រើពាក្យមិនសមរម្យ នឹងជាការប្រមាថមើលងាយជនមានពិការភាព និងបុគ្គលក្លែងបន្លំជាជនពិការ ដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។
ការថ្លែងបែបនេះ ខណៈពេលដែលរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននឹងយុវនីតិសប្បទា លោកឯម ច័ន្ទមករា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាមួយ នៅក្នុងខេត្តបាត់ដំបងនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ដែលអង្គសិក្ខាសាលា១នេះ បានផ្តោតទៅលើការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩.២០២៣និងលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការបានលើកឡើងទៀតថា កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងត្រៀមបង្កើតសមាគមការពារសេចក្តីថ្លៃថ្នូរ សម្រាប់បងប្អូនមានពិការភាពពិសេសច្បាប់អនុវត្តវិធានការ ដាក់ទោសទណ្ឌចំពោះបុគ្គលណា ដែលបានប្រមាថមើលងាយដល់ជនពិការឬបុគ្គលណា ដែលមានចេតនាក្លែងបន្លំជាជនពិការ ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗពីសាធារណជននិងសង្គមផងដែរ។ លោករដ្ឋលេខាធិការបន្តថា ក្រសួងក៏បានសម្រេចពន្លឿនលើការផ្តល់ប័ណ្ណសម្គាល់ជនពិការផងដែរ ដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃដូចជា៖ ការសិក្សា ទំនិញនៅតាមទីផ្សារនានាជាដើមរួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានា សម្រាប់ជនមានពិការភាពថែមទៀតផង។
លោក យុន ឈុន្នី រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលើកឡើងផងដែរថា សារសំខាន់នៅការបើកសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងការពារសិទ្ធិសេរីភាពផលប្រយោជន៍ទប់ស្កាត់ការកេងប្រវ័ញ្ចកាត់បន្ថយនិងលុបបំបាត់ការជិះជាន់ការរើសអើង ចំពោះជនមានពិការភាពនឹងធានាសិទ្ធិស្មើភាពគ្នារវាងជនមានពិការភាពនិងជនមិនមានពិការភាព ក៏ដូចជាការធានាការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការភាព ស្របតាមយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ៖ បញ្ហាឱសថក្លែងក្លាយនិងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ