ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ចំពោះវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ទាក់ទងកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ដែលជាជំហានដំបូងបានទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នារួមមាន ប្រទេសចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះខណៈទទួលជួបជាមួយលោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាដែលទើបចប់អាណត្តិនាព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។
ដោយឡែកចំពោះទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានស្ថិតនៅក្នុងកំរិតមួយគួរកត់សំគាល់។ ជាពិសេសលើវិស័យកម្មសិទ្ធិបញ្ញា ទាក់ទងកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ដែលជាជំហ៊ានដំបូង អាចឲ្យកម្ពុជាទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នារួមមាន៖ប្រទេសចិន ជប៉ុន កូរ៉េ សហគមន៌អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ។
លោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ដែលទើបចប់អណត្តិ បានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មកាទូតដ៏ជោគជ័យនៅកម្ពុជា និងលទ្ធផលផ្លែផ្កានៃទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសឹង្ហបុរី ក៏បានអបអរសាទរចំពោះការប្តូរឈ្មោះក្រសួង ដោយបានបន្ថែមមុខងារនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌នៅក្នុងនោះ ដែលជាវិស័យដ៏មានសារៈសំខាន់ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
ទន្ទឹមគ្នានោះឯកអគ្គរដ្ឋទូតសឹង្ហបុរីក៏បានរំលឹកពីប្រវត្តិរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ដែលមានភាពសកម្មខាងវិស័យសេដ្ឋកិច្ចលើឆាកអន្តរជាតិ ។ ជាពិសេស ការចរចាររបស់កម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាជិកនៃអង្គការអន្តរជាតិជាច្រើនទៀត តាំងពីទេសរដ្ឋមន្ត្រី នៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ជាចុងក្រោយដៃគូរសន្ទនាបានបង្ហាញនូវការមើលឃើញថា៖តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម សេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងមានដំណើរការល្អប្រសើរ បើទោះបីកំពុងជួបវិបត្តិកូវីដ១៩ ក៏ដោយ ព្រមទាំងបានបង្ហាញនូវជំហរសហការគាំទ្រ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបញ្ចូលថ្មីរបស់ក្រសួង៕ វិមាន