Connect with us

ព័ត៌មានជាតិ

កូរ៉េ​ផ្តល់​កូតា​ដល់​ពលករ​កម្ពុជា​ជាង​៣​ពាន់​នាក់​សម្រាប់​ឆមាស​ទី​១

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ​បានផ្តល់​កូតា​ដល់​ពលករ​កម្ពុជា​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២១​ចំនួន ៣,៤០៤​នាក់​ទៅលើ​វិស័យ​ឧស្សាហកម្ម​ហើយ​បាន​សន្យា​ថា​នឹង​បន្ត​ផ្តល់​កូតា​បន្ថែមទៀត​នៅ​ឆមាស​ទី​២​ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មាន​ភាព​ធូរស្រាល​។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹង​ថា​បើ​ទោះ​បី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មិនទាន់​មានការ​ថមថយ​ក៏ដោយ ក៏​រដ្ឋាភិបាល​កូរ៉េ​នៅតែ​បន្ត​ផ្តល់​កូតា​ចំនួន ៥០​ភាគរយ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២១​ទៅលើ​វិស័យ​ឧស្សាហកម្ម​ចំនួន ៣,៤០៤​នាក់ ហើយ សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០២១ កម្ពុជា នឹង​ទទួលបាន​កូតា​បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​។

ក្រសួង​បាន​បន្ត​ថា ​ដោយឡែក ចំនួន​ពលករ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដាក់ចូល​ក្នុង​បញ្ជី​សុំ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​សរុប ២២,៦៩៧ ក្នុងនោះ វិស័យ​ឧស្សាហកម្ម ចំនួន ១៦,២៦១​នាក់​; វិស័យ​កសិកម្ម​&​ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨​នាក់ និង វិស័យ​សំណង់ ចំនួន ៦៥៨​នាក់​។

ចំណែក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា នឹង​ទទួលបាន​កូតា​បន្ថែម​ទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាពល្អ​ប្រសើរ​ឡើង​។

ក្នុងចំណោម​ពលករ​បរទេស​ធ្វើការ​នៅ​កូរ៉េខាងត្បូង​ចំនួន​១៦​ប្រទេស​ ពលករ​ខ្មែរ​ត្រូវបាន​និយោជក​កូរ៉េ​មានការ​កោតសរសើរ​ថា​ មាន​ចរិត​ស្លូតបូត រួសរាយ​រាក់ទាក់​ឧស្សាហ៍​ព្យាយាម​ក្នុង​បំពេញការងារ​ដែល​ធ្វើ​ឲ្យ​និយោជក​កូរ៉េ​ទទួលយក​ពលក​រ​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​កម្ពុ​ជាមាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​ដោយ​ធ្វើការ​ទៅលើ​វិស័យ​ឧស្សាហកម្ម កសិកម្ម​និង​សំណង់​ដែល​បាន​ជួយ​លើកស្ទួយ​ដល់​ជីវភាព​គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម