Connect with us

ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន ទទួលបានសិទ្ធបង្កើតគណបក្សកែទម្រង់កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចឲ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រី្រជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណបក្សមួយដែលមានឈ្មោះថា “​កែទម្រង់​កម្ពុជា​” ប៉ុន្តែ​បានស្នើឲ្យធ្វើការផ្លាស់ប្តូរពាក្យ “​សង្គ្រោះ បម្រើ ការពារ​” ចេញ ដោយសារពាក្យទាំងនេះ ដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយដែលបានរំលាយ​ដោយ​ដីកា​តុលាការ​កំពូល​ នេះបើយោងតាមលិខិតចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១។


សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្ស​កែទម្រង់​កម្ពុ​ជា​” ដែល​សរសេរ​ជា​អក្សរ​កាត់ “​គក​ក​” និង​មានឈ្មោះ​ជា​អក្សរ​ឡាតាំង “CAMBODIA REFORM PARTY” ដែលមាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្តាល​នៅផ្ទះ​លេខ​៥១៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស​កែទម្រង់​កម្ពុ​ជា ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង មហាផ្ទៃ ស្របតាម​កថាខណ្ឌ​ទី​២ មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ព្រមទាំង​ផ្លាស់ប្តូរ​ពាក្យ​ដែលមាន​នៅក្នុង​សញ្ញា​សម្គាល់​របស់​គណបក្ស​ដូចដែល​បាន​ណែនាំ​ខាងលើ​។
លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​
គណបក្ស “កែទម្រង់កម្ពុជា” ត្រូវបានបង្កើតឡើងដោយ អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងសកម្មជនមួយចំនួនទៀត នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីចូលរួមប្រគួតប្រជែងនៅក្នុងការបោះឆ្នោត នាពេលខាងមុខ។ 

លោក​ អ៊ូ ច័ន្ទ​រ័ត្ន ធ្លាប់បានប្រាប់កម្ពុជាថ្មីថា អ្វីដែលជំរុញឲ្យយើងបង្កើតគណបក្សនេះ គឺក្រោយពីមានការពិភាក្សាគ្នាពីថ្នាក់ដឹកនាំជាច្រើន។ ក្នុងនោះក៏មានលោក សុន ឆ័យ ផងដែរ តែមកដល់ពេលនេះ លោកស៊ុន ឆ័យ នៅមិនទាន់ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែលោកនឹងពិភាក្សាបន្ថែមជាមួយលោក សុន ឆ័យ នៅខែ ក្រោយ បន្ទាប់ពីលោកត្រឡប់មកពីប្រទេសអូស្ត្រាលី។ 
លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងដែរថា ការសម្រេចបង្កើតគណបក្សនេះ ក៏មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានចូលរួមផងដែរ  ប៉ុន្តែនៅមានបញ្ហាខ្លះទាក់ទងទៅនឹងសិទ្ធិធ្វើនយោបាយ ដោយសារតែពួកគាត់កំពុងតែជាប់បម្រាម តែទោះបីជាយ៉ាងណា ក៏ដោយ នឹងមានការចូលរួមច្រើន នៅពេលក្រោយ។

លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ដែរថា អ្វីដែលយើងសម្រេចដាក់ពាក្យបង្កើតគណបក្សនៅពេលនេះ គឺកុំឲ្យយឺតពេល ក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ តែនៅសល់ប្រមាណជិត២ឆ្នាំប៉ុណ្ណោះ ដូច្នេះយើងត្រូវការពេលវេលាខ្លះ ដើម្បីរៀបចំខ្លួនចូលរួមនៅក្នុងការបោះឆ្នោតនេះ៕
អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម