Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ មន្ត្រីសាធារណៈចូលនិវត្តន៍មិនទទួលបានរបបហានិភ័យការងារទេ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ០៦ កុម្ភៈ នេះ​ថា នៅ​ពេល​មន្ត្រី​សាធារណៈ​ចូលនិវត្តន៍ មិន​ទទួល​បាន​របប​ហានិភ័យ​ការងារ​ទេ ពោល​គឺ​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស តែមួយ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​ពន្យល់​ថា ផ្ទុយ​ពី​មន្ត្រី​សាធារណៈ​មិនទាន់​ចូល​និវត្ត​អាច​ប្រើប្រាស់​របប​ហានិភ័យ​ការងារ​បាន​លើកលែងតែ​មន្ត្រី​ប៉ូលិស មន្ត្រី​ប៉េអិម និង​មន្ត្រី​ពន្ធនាគារ ប្រើ​បានតែ​សេវា​ថែទាំ​សុខភាព។

លោក​បាន​បន្ត​ទៀត​ថា ពេល​ទៅ​ទទួល​សេវា មន្ត្រី​សាធារណៈ​ចូលនិវត្តន៍ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​រួមមាន ៖ ប័ណ្ណ​សមាជិក ប​.​ស​.​ស និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម និង​មាន​សុពលភាព។

គួរ​បញ្ជាក់​ថា ប​.​ស​.​ស បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ ដើម្បី​ជួយ​ដល់​មន្ត្រី​សាធារណៈ​ឱ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាព​សម្រាប់​ប្តី ឬ ប្រពន្ធ និង​កូន​ក្នុង​បន្ទុក ដែល​អាច​សម្រួល​ដល់​ការ​ចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​គោលដៅ​រក្សា​លំនឹង​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិតភាព​ការងារ។

នៅ​ពេល​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស នោះ​អ្នក​ក្នុង​បន្ទុក (​ប្តី ឬ ប្រពន្ធ និង​កូន​នៅ​ក្នុង​បន្ទុក​) នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល ដោយ​ឥតគិតថ្លៃ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម