Connect with us

ព័ត៌មានជាតិ

ក្លឹបហាត់ប្រាណ ១ កន្លែង ត្រូវនគរបាលសណ្ដាប់ធ្នាប់ចុះធ្វើកិច្ចសន្យា ក្រោយគ្មានចំណតត្រឹមត្រូវ ចតបំពានផ្លូវសាធារណៈ

បានផុស

នៅ

កម្លាំង​ការិយាល័យ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចំណុច​ទីតាំង​ក្លឹប​ហាត់ប្រាណ ELITE ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន ដែល​គ្មាន​ចំណត​ត្រឹមត្រូវ ចត​បំពាន​ផ្លូវ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ០៥ ល្ងាច ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្លាំង​ការិយាល័យ​សណ្ដាប់ធ្នាប់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក លី លាង​ឆេង ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ អប់រំ និង​ធ្វើ​កិច្ចសន្យា ចំពោះ​ការ​ឈប់​ចត​នៅ​លើ​ផ្លូវ​លេខ ៤៧៤ និង​ផ្លូវ​លេខ ១០១ ជាពិសេស​ចំពោះ​ក្លឹប​ហាត់ប្រាណ ELITE ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន។

មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់​ថា កម្លាំង​សណ្ដាប់ធ្នាប់​បាន​ចុះ​រៀបចំ​ជាប្រចាំ​តាម​គោលដៅ​ផ្សេងៗ ដែល​បង្ក​ការ​កកស្ទះ និង​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ជាពិសេស​រំលោភ​លើ​ផ្លូវ​សាធារណៈ សម្រាប់​អ្នក​ថ្មើរជើង។ ជាក់ស្ដែង​នៅ​ទីតាំង​ខាងលើនេះ អាជ្ញាធរ​ចុះ​ធ្វើ​កិច្ចសន្យា​ហើយ ក្នុង​ករណី​នៅតែ​បំពាន នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​រដ្ឋបាល ដោយ​ស្ទូច​យក​មធ្យោបាយ​យានជំនិះ​ទាំងនោះ​ទៅ​រក្សាទុក។

លោក ជា សេង ជា​ប្រជាពលរដ្ឋ​ដែល​តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ​បាន​លើកឡើងថា ជា​ពិសេស​ទីតាំង​ក្លឹប​ហាត់ប្រាណ​នោះ​ពុំ​មាន​ចំណត​ត្រឹមត្រូវ​ ភ្ញៀវ​ជា​អ្នក​ចូល​មក​ហាត់ប្រាណ​បាន​ចត​ទាំង​ម៉ូតូ​ទាំង​រថយន្ត​បំពាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ បណ្ដាល​ឲ្យ​បាត់​សណ្ដាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ។ ដូច្នេះ​ក្រោយ​អាជ្ញាធរ​ចុះ​ធ្វើ​កិច្ចសន្យា ​និង​អប់រំ ​បែប​នេះ​រួច សង្ឃឹមថា សណ្ដាប់ធ្នាប់​នៅ​តំបន់​នោះ​នឹង​ល្អ​ប្រសើរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម