Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានប្រមាណ២២៩,៧ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ និងឆ្លើយតប​កូវីដ១៩​នៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៣០០ លានយ៉េនប្រមាណ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន  ២៥  ប៊ីលានយ៉េនប្រមាណ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងចំនួនពីរនៅកម្ពុជា។

គម្រោងចំនួនពីរនោះ រួមមានទី១. ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ​តាមរយៈ​ហិរញ្ញប្បទានឥតសំណងសម្រាប់“កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា៣០០ លានយ៉េន (ប្រមាណ ២,៧ លានដុល្លារអាមេរិក) ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារៈរួមមានយានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែន គោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារៈទាំងនេះ នឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើងប្រកប​ដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។ទី២. ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន( ប្រមាណ២២៧ លានដុល្លារអាមេរិក) ដល់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ 

តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុស​កូវីដ១៩ រក្សាលំនឹងនិងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។  ឥណទាននេះ គឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន (ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺ​កូវីដ​១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាបការផ្តល់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហ គ្រាសធុនតូច និងមធ្យម។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនម្នាក់ៗស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា លិខិតប្តូរសារនៃគម្រោងទាំងនេះ ត្រូវបានចុះហត្ថលេខា រវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម