Connect with us

ព័ត៌មានជាតិ

កម្ពុជានិងថៃបើកច្រកព្រំដែនចំនួន៣ឡើងវិញដើម្បីសម្រួលដល់ការដឹកកសិផលកសិករនៅតាមព្រំដែន

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបង  និងអាជ្ញាធរថៃបានព្រមព្រៀងគ្នាបើកច្រកព្រំដែនចំនួន៣ឡើងវិញដើម្បីជួយសម្រួលដល់ការដឹកជញ្ជួនទំនិញនិងកសិផលរបស់កសិករនៃប្រទេសទាំងពីរ បន្ទាប់ពីភាគីថៃបានបិទកាលពីឆ្នាំ២០២០កន្លងទៅដោយសារផ្ទុះជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ មីនានេះថា ច្រកព្រំដែនទាំង៣ដែលបើកដំណើរការឡើងវិញកាលពីថ្ងៃទី២៣មីនានេះរួមមានច្រកអូរអន្លក់ ស្ថិតនៅស្រុកកំរៀង ច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ដែលជាប់នឹងខេត្តចាន់បូរី និងច្រក ៤០០ ស្ថិតក្នុងស្រុកសំឡូតជាប់ជាមួយនឹងខេត្តត្រាត។ 

លោក អភិបាលរងខេត្ត បានបន្តថា ការបើកច្រកទាំង៣នេះគឺសម្រាប់តែការដឹកទំនិញចេញចូលតែប៉ុណ្ណោះ ដែលក្នុងមួយរថយន្ត អនុញ្ញាតឲ្យមានមនុស្សតែ២នាក់គឺតៃកុងឡាន និងព្រូឡានម្នាក់ ដោយតម្រូវឲ្យមានការវាស់កម្តៅ ត្រួតពិនិត្យសុខភាព និងមិនអនុញ្ញាតឲ្យមនុស្សចាកចេញពីរថយន្តរបស់ខ្លួនឡើយដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

ការបើច្រកព្រំដែនឡើងវិញនេះវាពិតជាជួយដល់ប្រជាកសិករនៅតាមព្រំដែនដែលដាំដំណាំដំឡូងមី ស្វាយកែវរមៀត ពោតក្រហម អាចនាំចេញទៅកាន់ប្រទេសថៃលែងមានការស្ទហដូចកាលពីមុនទៀតជួយលើកកម្ពស់ជីវភាពរបស់គាត់បានល្អប្រសើរឡើងវិញ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖«សម័យកូវីដ១៩មានការប៉ះពាល់ខ្លាំងណាស់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋបើគាត់ដាំកសិផលបានហើយអត់ទីផ្សារធ្វើឲ្យរាំងស្ទះដង្ហើមសេដ្ឋកិច្ចគ្រួសារ។តែដល់ពេលបានបើកច្រកឡើងវិញកសិផលគាត់ងាយស្រួលដឹកទំនិញចេញចូលយកទៅលក់នៅប្រទេសថៃ »។

ទំនិញដែលកម្ពុជាដឹកចេញទៅប្រទេសថៃតាមច្រកព្រំដែនទាំង៣នេះរួមមានស្វាយ ដំឡូងមីនិងកសិផលកសិកម្មផ្សេងៗទៀត។ ចំណែកថៃនាំចូលមកកម្ពុជាវិញមានដូចជាពូជដំណាំកសិកម្ម សម្ភារកសិកម្មនិងគ្រឿងទេសផ្សេងៗ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានច្រកទា្វរព្រំដែនចំនួន៥ជាប់ជាមួយប្រទេសថៃក្នុងនោះមានច្រកទ្វារអន្តរជាតិចំនួន២៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម