Connect with us

ព័ត៌មានជាតិ

អាវុធហត្ថចុះឆែកទីតាំងហាង​បញ្ចាំ​មួយកន្លែងរកឃើញ​ម៉ូតូ​៤១​គ្រឿងឃាត់ខ្លួនជនសង្ស័យ​២​នាក់និង​ម្ចាស់​ហាងម្នាក់​​

បានផុស

នៅ

ផ្តើម​ពី​ករណីចោរលួច​ម៉ូតូ​របស់​ជនជាតិ​ឥណ្ឌូនេស៊ី​១​គ្រឿង កម្លាំង​​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ចុះឆែកឆេ​ក្នុង​ហាង​បញ្ចាំ​១​កន្លែង​រកឃើញ​ម៉ូតូ​៤១​គ្រឿង​ ក្នុងនោះក៏មានម៉ូតូជនរងគ្រោះផងដែរ​ និងម៉ូតូ​កង់​បី​ចំនួន​៧​គ្រឿង ស្លាក​លេខ​ម៉ូតូ​២​សន្លឹក ស្លាក​លេខ​រថយន្ត​៦​សន្លឹក រួមជាមួយ​សម្ភារ​:​ជួសជុល​ម៉ូតូ​មួយចំនួនធំទៀត ដែលម្ចាស់ហាងបានពីការទទួលបញ្ចាំពីក្រុមជនសង្ស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះ​ឆែក​ក្នុង​ហាង​ម៉ូតូ​នោះ​ដោយ​ទទួល​តាម​បទបញ្ជា​របស់លោកឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ វី​ល លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ម​សន​ជ័យ ក្នុងករណី​បាត់​ម៉ូតូ​របស់ខ្លួន​១​គ្រឿង​ម៉ាក់​ហុងដា​ឃ្លី​ក ពណ៌​ស​ខ្មៅ ផលិត​ឆ្នាំ​២០០៦ គ្មាន​ស្លាក​លេខ ដែល​រូបគេ​ចត​ទុក​នៅមុខ​ហាង​លក់ដូរ​របស់ខ្លួន កាលពី​វេលា​ម៉ោង​១យប់ ឈានចូល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​។

ក្នុងនោះ​លោកវរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​លក់ដូរ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១​ឈ្មោះ​កែវ កុសល ហៅ ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ២​ឈ្មោះ​ពេញ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ហើយ​បញ្ជូនមក​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ​។

លោក​ នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពេល​លួច​ម៉ូតូ​បាន​ហើយ​យកទៅ​បញ្ចាំ​នៅ​ហាង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ក្បាល​ស្ពាន​២ ក្នុង​ក្រុង​ប៉ោយប៉ែត។

ស្របពេលនោះ​លោក នួន នី​ណា​រ៉ូ​បាន រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​ការងារ​យុត្តិធម៌ និង​សុំ​គោលការណ៍​ចុះ​ដល់​កន្លែង​ទទួល​បញ្ចាំ និង​ឆែកឆេរ​ឃ្លាំង​របស់​ឈ្មោះ​ ឡាយ សាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ហើយ​រកឃើញ​វត្ថុតាង​ម៉ូតូ​ចំនួន​៤១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ជនរងគ្រោះ​ជនជាតិ​ឥណ្ឌូ​នេស៊ី​១​គ្រឿង​ផងដែរ និង​ម៉ូតូ​កង់​បី​ចំនួន​៧​គ្រឿង ស្លាក​លេខ​ម៉ូតូ​២​សន្លឹក ស្លាក​លេខ​រថយន្ត​៦​សន្លឹក រួមជាមួយ​សម្ភារ​:​ជួសជុល​ម៉ូតូ​មួយចំនួនធំ។

ក្រោយពី​ឆែកឆេរ​រួច​ជន​ទទួលផល​ចោរកម្ម ឈ្មោះ​ ឡាយ សាន និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​អាវុធ​ហត្ថក្រុង បញ្ជូនមក​រក្សារ​ទុកជា​ភស្ដុតាង​នៅទីបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ។​

ជនសង្ស័យ​ឈ្មោះ ឡាយ សាន បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​រកស៊ី​ទទួល​ទិញ និង​បញ្ចាំ​ម៉ូតូ ចាស់​ថ្មី ពី​ក្មេងៗ​ស្ទាវ​ជា​រៀងរាល់ថ្ងៃ ពោលគឺ​២៤​ម៉ោង​លើ​២៤​ម៉ោង មាន​រយ​:​ពេល​ជាង​៣​ខែ​មក​ហើយ ដោយឡែក​នៅ​ថ្ងៃទី​២៥​នេះ​រូបគេ​ពិតជា​បានទទួល​បញ្ចាំ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​ដែលមាន​ភិន​ភាគ​ដូច​ក្នុង​ពាក្យបណ្ដឹង​ខាងលើ ពី​ក្មេងប្រុស​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពិតប្រាកដ​មែន​។​

​លោក វរសេនីយ៍​ឯក ម៉ែន ភិរម្យ មេ​ការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ សូម​ជម្រាប និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងអស់ ដែលមាន​ការបាត់បង់​ម៉ូតូ​កន្លងមក សូម​អញ្ជើញ​មក​ទំនាក់ទំនង តាមរយ​:​លេខ​ទូរស័ព្ទ ០១២៩៩៩៩៩៤ និង លេខ ០១៧៥៥៥៥៩៩​រាល់​ម៉ោង​ធ្វើការ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម