Connect with us

ព័ត៌មានជាតិ

សម្ដេចម៉ែ ព្រះរាជទាន ព្រះរាជ​ទ្រព្យ​ចំនួន​២០​ម៉ឺន​ដុល្លារ ដើម្បី​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ ”​ហ្លួង​ម៉ែ​”

បានផុស

នៅ

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ បាន​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន​២០ ម៉ឺន​ដុល្លារ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ “​ហ្លួង​ម៉ែ​” នេះ​បើតាម​ព្រះរាជសារ​ដែល​ទទួលបាន​នៅ​ថ្ងៃនេះ​។​

បើតាម​ព្រះរាជសារ​ដែល​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ​សម្តេច​ម៉ែ​បាន​បញ្ជាក់ថា “​ខ្ញុំ​សូម​ចូលរួម​ជួយ​វិភាគទាន​ព្រះរាជ​ទ្រព្យ ចំនួន​២​សែន​ដុល្លារ ជូន​ចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​ក្នុង​ការរៀបចំ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​”​។ ជាមួយគ្នា​នោះ សម្តេចម៉ែ​បាន​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ ជូន​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រមទាំង​សមាជិក សមាជិការ​ទាំងអស់ នៃ​រាជរដ្ឋាភិបាល ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជូន​ជាតិ​មាតុភូមិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រោយពី​ទទួលបាន​ព្រះរាជសារ​សម្តេចម៉ែ សម្តេច​ក៏បាន​ធ្វើ​សារលិខិត​មួយ​ថ្លែង​អំណរ​ព្រះ​គុណ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន នូវ​ព្រះរាជ​ទ្រព្យ​ជា​ថវិកា​២០​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​នេះ ដោយ​សម្តេច​បញ្ជាក់ថា “​តាងនាម​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូម​សម្ដែង​ថ្វាយ​នូវ​សេចក្តី​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន ២០០.០០០ $US (​ពីរ​រយ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) ដែលជា​ព្រះ​រាជូបត្ថម្ភ​ដ៏​ថ្លៃថ្លា ចំ​ពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ ហ្លួង​ម៉ែ​”​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ បានបង្ហាញ​ឱ្យឃើញ​នូវ​ព្រះរាជហឫទ័យ​ដ៏​វិសេសវិសាល​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ប្រោស ព្រះ​រាជូបត្ថម្ភ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បួងសួង​ដល់​អស់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​ប្រោស​ប្រទាន​ព្រះ​ពរជ័យ​បវរ​មហាប្រសើរ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ​នៅ​ទូទាំង​ព្រះរា​ជា​ណាចក្រ​កម្ពុជា ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​

គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ពី​ការទិញ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ហើយ​ប្ដូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ “​ហ្លួង​ម៉ែ​” វិញ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​មុខ មន្ទីរពេទ្យ​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ទូទៅ​ជា​រៀងរហូត ហើយ​ក្រោយ​ការប្រកាស​នេះ មាន​សប្បុរសជន​ជាច្រើន​នាក់​បាន​ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​មន្ទីរពេទ្យ​មួយ​នេះ​។​

ដើម្បី​ចរចា និង​សម្រប​ស​សម្រួល​ទិញ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​នេះកាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ បានធ្វើ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​ចំពោះ​កិច្ច ដើម្បី​វាយតម្លៃ ចរចា និង​រៀបចំ​កិច្ចសន្យា​ទិញ​-​លក់ ផងដែរ ដែល​គណៈកម្មការ​នោះ​មាន​លោក ឈន សុភាព រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ជា​អនុប្រធាន​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម