Connect with us

ព័ត៌មានជាតិ

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន រួមគ្នា​ពង្រឹង​ក្រមសីលធម៌ និង​សុជីវធម៌​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​

បានផុស

នៅ

ការអំពាវនាវ​របស់​សហភាព​សហព័ន្ធ​ អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ​។

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ បាន​លើកឡើងថា ខណៈ​នេះ សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូចជា​ពិភពលោក​ទាំងមូល​ដែរ គឺ​ត្រូវការ​ការចូលរួម​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​អ្នកសារព័ត៌មាន រួមទាំង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​ចូលរួម​ដោយ​មនសិការ ជៀសវាង​ឆក់​ឱកាស​នៅក្នុង​គ្រា​លំបាក​នេះ បង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​បំពុល ដែល​នាំ​ឲ្យ​មាន​ការយល់​ខុស បង្កើត​ទោសកំហុស​ឲ្យ​ខ្លួនឯង និង​បង្កើត​ភាព​អាប់អួ​ក្នុងសង្គម​។

បើតាម​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ពិតណាស់ នៅក្នុង​បរិបទ​បច្ចេកវិទ្យា​ទំនើប គ្រប់​គ្នា​អាចជា​អ្នក​ផ្សាយ​ព័ត៌មាន​ចេញ​បាន​រៀងរាល់​នាទី តាម​គ្រប់​មធ្យោបាយ និង​ទៅតាម​គោល បំណង​ដែល​ខ្លួន​ចង់​។ ថ្មីៗ​នេះដែរ ស​.​ស​.​ស​.​ក កត់សំគាល់​ឃើញថា ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​បណ្តាញ​សង្គម Facebook, YouTube, និង TikTok បាននឹងកំពុង​កើនឡើង​ រហូតក្រសួង​ព័ត៌មាន ត្រូវ​សម្រេចចិត្ត​តាមផ្លូវ​ច្បាប់​លុប​អាជ្ញាបណ្ណ​អង្គភាព​សារព័ត៌មាន​មួយចំនួន​។

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជាលើកឡើងថា ទី​១. ពិតណាស់ ពហុ​មតិ គឺជា​សួនច្បារ​នៃ​ប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ បើ​ពហុ​មតិ ពោរពេញ​ដោយ​ការប្រមាថ ការ​បំភ្លៃ និង​ការបំពុល នោះ​គឺជា​ទង្វើ​ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ និង​ជា​មេរោគ​សង្គម​ទៅវិញ​ទេ​។ ក្រសួង ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​គ្មាន​ភាពចាំបាច់​ក្នុង​ការដក អាជ្ញា​បណ្ណ ឬ​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​យកមក​អប់រំ​ណែនាំ​នោះទេ ប្រសិនបើ “​អ្នកជា​ពលរដ្ឋ​ល្អ​” ដែលមាន​ការទទួល​ខុស​ត្រូវ មាន​សីលធម៌ និង​សុជីវធម៌​។

ទី​២. ការកត់សំគាល់​ដែល​គួរ​ចាប់អារម្មណ៍​ទាំងអស់គ្នា​គឺថា ប្រទេស​កម្ពុជា​យើង​ឥឡូវនេះ មិនមែន​ប្រឈម​បញ្ហា​កង្វះ​ព័ត៌មាន​នោះទេ ប៉ុន្តែ​បញ្ហា​ដែល​កំពុង​បន្ត​កើតឡើង គឺ​ការ​ឆ្លៀត​បង្កើត​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ប្រឌិត បំភ្លៃ បំប៉ោង និង​បំពុល​។ បញ្ហា​ឥឡូវ​នេះដែរ ក៏​មិនមែន​គ្មាន​លំហ​សេរីភាព​សារព័ត៌មាន​ និង​ការបញ្ចេញមតិ​នោះទេ ប៉ុន្តែ​គឺ​បញ្ហា​ប្រើប្រាស់​សិទ្ធិសេរីភាព​ហួស​ព្រំដែន ប៉ាតណាប៉ាតណី ខ្វះ​ការទទួលខុសត្រូវ​និង​គ្មាន​សុជីវធម៌​។ ភាសា​ប្រមាថ​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​ថា​ជាស​ត្វ​ត្រូវគេ​ពិសោធន៍ និងការ​ប្រឌិត​ព័ត៌មាន​ចំពោះ​អ្នកស្លាប់​ថា ស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង នេះ​គឺជា​ទង្វើ​អសីលធម៌​អាក្រក់​ហួសហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​ដដែលៗ​ខាងលើនេះ​ ក៏​បង្កើត​នូវ​បញ្ហា​បន្ថែមទៀត​ដូចតទៅ​៖

ក​. សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់ បែរជា​ត្រូវបាន​ចាត់ទុកថា ជា​អ្នក​គំរាមកំហែង​សិទ្ធិសេរីភាព​ពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ និង​អ្នកសារព័ត៌មាន​ទៅវិញ​។​

ខ​. តម្លៃ​អ្នកសារព័ត៌មាន​អាជីព ត្រូវបានធ្វើ​ឲ្យ​ស្រអាប់ ដោយសារតែ​អ្នក​ផ្សាយ​ខ្វះ​សីលធម៌​។​

គ​. បរិយាកាស​វ៉​ល់​វ៉ក់​គ្មាន​តម្លៃ ត្រូវបាន​បង្កើត​ឡើងជា​បន្តបន្ទាប់​នៅក្នុង​សង្គម​។​

​ឃ​. បរទេស​ចាំ​ឆ្លៀតឱកាស​យក​បញ្ហា​នេះ សម្រាប់​ដាក់​នៅក្នុង​របា​យ​ការណ៍​របស់ខ្លួន ភ្ជាប់​ជាមួយ កម្មវត្ថុ​នយោបាយ សិទ្ធិមនុស្ស និង​អ្វីដែល​ហៅថា ប្រជា​ធិ​បតេ​យ្យ​។ តើ​យុត្តិធម៌​ទេ ដែល​ទង្វើ​របស់​បុគ្គល​ខ្លះ​ដែល​គ្មាន​សីលធម៌ គ្មាន​សុជីវធម៌ បែរជា​ត្រូវ​ឲ្យ​សង្គម​ទទួល​ស្រអាប់​ជំនួស ?​។​

ទី​៣. វា​ជាការ​យល់ច្រឡំ​ដ៏​គ្រោះថ្នាក់ នៅពេល​អ្នកសារព័ត៌មាន ឬ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចាត់​ទុក​ខ្លួន​គឺជា​អ្នកដើរតួ​ដោះស្រាយ​បញ្ហា​សង្គម​។ ការពិត អ្នក​គ្មាន​ភារកិច្ច​ចុះ​ដោះស្រាយ​បញ្ហា​ណា​មួយ​ទេ​។ អ្នក​គ្មាន​សម្បទា​ជា​នគរបាល​យុត្តិធម៌​។ អ្នក​មិនមែនជា​ចៅក្រម​កាត់ក្តី​។ អ្នក​គ្មាន​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ហើយ​ច្បាប់​ក៏​មិនបាន​ប្រគល់​សិទ្ធិ​ឲ្យ​អ្នក ជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ណាមួយ​នោះទេ​។ មុខងារ​ពិតប្រាកដ​របស់​អ្នក​គឺ​ផ្សព្វផ្សាយ ដើម្បី​ជា​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ ដោយ​ឈរលើ​៖ ក្រមសីលធម៌​វិជ្ជាជីវៈ ការពិត​ត្រឹមត្រូវ មាន​តុល្យភាព និង​អាច​ផ្ទៀងផ្ទាត់​បាន​។ អ្នកសារព័ត៌មាន​គួរ​ចាត់ទុក​ខ្លួនឯង​ជា​បញ្ញវ័ន្ត ហើយ​បញ្ញវ័ន្ត ដែលមាន​ចំណេះដឹង ដែល​ចេះ​ក្រែង និង​ចេះ​មាន​ភាព​ខ្មាសអៀន នឹង​មិន​បញ្ចេញមតិ​គំនិត​យោបល់​ប៉ាតណាប៉ាតណី​នោះទេ​។ នៅពេលដែល​តម្លៃ​គំនិត​ប្រាជ្ញា​និង​សុជីវធម៌​ត្រូវបាន​បោះបង់ ហើយ​សម្តី​កោងកាច​ក្លាយជា​តួអង្គ នោះ​គឺជា​គ្រោះថ្នាក់​។​

ទី​៤. សូម​កុំភ្លេចថា ជា​ពលរដ្ឋ​ម្នាក់ យើង​មាន​ចំណែក​ជា​ភាគហ៊ុន​នៅក្នុង​សង្គមជាតិ​របស់​យើង​។ ការផ្សាយ​ព័ត៌មាន​មួយ ​គឺ​វា​ងាយស្រួល​ណាស់ ប៉ុន្តែ​ការផ្សាយ​អំពី​មុខមាត់​ប្រទេសជាតិ គួរតែ​ត្រូវ​បានគិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ យើង​គួរតែ​យកចិត្តទុកដាក់​ឲ្យ​ហ្មត់ចត់​បំផុត ថា​តើ​រូបភាព​និង​ខ្លឹមសារ​ដែល​ខ្លួន​បាន​ផ្សាយ​ចេញទៅ បាន​បម្រើ​ឲ្យ​គោលដៅ​អ្វី មាន​សារប្រយោជន៍ ឬ​វា​ជាការ​បំ​ផ្លាញ​តម្លៃ​សាមគ្គី​ប្រជាជន បំផ្លាញ​មុខមាត់ និង​តម្លៃ​ជាតិ​រួម​របស់​យើង​? អ្នក​ក៏​ជា​វិចិត្រករ​ចូលរួម​គូររូប​ភាព​ប្រទេសជាតិ​របស់​អ្នក ដែល​បង្ហាញ​នូវតម្លៃ​ធម៌អារ្យ និង​ភាព​ស៊ី​វិ​ល័យ​របស់​ប្រជាជាតិ​យើង​ទាំងមូល​ផងដែរ​។​

ទី​៥. យើង​ទទួលស្គាល់ថា នៅ​ប្រទេស​កម្ពុជា នៅ​មិនទាន់មាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែលមាន​សិទ្ធិអំណាច​ក្នុង​ដាក់ទណ្ឌកម្ម​លើ​ការផ្សាយ​ដែល​គ្មាន​ក្រមសីលធម៌​នៅ​ឡើយ​ទេ​។ ក្រសួង​មាន​សមត្ថកិច្ច​ក៏​មិន​រឹតត្បិតថា​ តើ​បុគ្គល​ត្រូវមាន​លក្ខណៈសម្បត្តិ​បែបណា ដែល​គួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រកប​មុខងារ​ជា​អ្នក​សារព័ត៌មាន ឬ​ជា​អ្នក​ផ្សព្វផ្សាយ​នោះ​នៅឡើយ​ទេ​។ ស្ថិតនៅក្នុង​បរិបទដែល​យើង​នៅតែ​ចង់​ផ្តល់ឱកាស​ឲ្យ​គ្រប់គ្នា​មាន​ចំណែក​ក្នុងសង្គម តាមរយៈ​វិស័យ​ព័ត៌មាន​ និង​ការផ្សព្វផ្សាយនោះ​ជម្រើស “​ឈ្នះ​-​ឈ្នះ​” របស់​យើង គប្បី​អនុវត្តតាម​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ “​អ្នកសារព័ត៌មាន​៖ កុំ​ពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​”​។ អាទិភាព​ចំពោះមុខ​ដែរ គឺ​ការចូលរួម​ផ្សព្វផ្សាយ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ តាមរយៈ​ពង្រីក​ការផ្សព្វផ្សាយ​វិធានការ “៣​ការពារ ៣​កុំ​” គឺជា​ការរួមចំណែក​ដ៏​ប្រពៃ​ណាស់​។​

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បង្កើតឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៦ មាន​បេស​កកម្ម​ពីរ​យ៉ាង​គឺ​៖ ទី​១. រួមចំណែក​ក្នុងការ​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន និង​ទី​២. រួមចំណែក​តម្រង់ទិស​ការផ្សព្វផ្សាយ ដើម្បី​បុព្វហេតុ​លើកតម្កើង​ឧត្តមភាព​ជាតិ​មាតុភូមិ​កម្ពុជា​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម