Connect with us

ព័ត៌មានជាតិ

កសិករស្រុកឈូកម្នាក់ អាចភ្ញាស់កូនត្រីរាប់លានក្បាលផ្គត់ផ្គង់ និងចែកចាយតាមបណ្តាខេត្តផ្សេងៗ

បានផុស

នៅ

លោក ចាន់ ឌី ជាប្រជាកសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតម្នាក់​ កំពុងសមប្រកបជាមួយរបរភ្ញាស់កូនត្រីលក់ ដោយក្នុងមួយឆ្នាំៗ កូនត្រីរាប់លានក្បាលត្រូវបានភ្ញាស់ចេញពីស្រះត្រីទាំង២០របស់គាត់ ដើម្បីផ្គត់ផ្គង់នៅក្នុងខេត្ត និងចែកចាយទៅតាមបណ្តាខេត្តមួយចំនួន។ បើតាមការបញ្ជាក់ លោកអាចបង្កើនការផលិតកូនត្រីបន្ថែមទៀតបាន ប្រសិនបើមានតម្រូវការ ខណៈកូនត្រីដែលចាប់ពីកន្លែងលោក ធន់នឹងជំងឺ និងមានសន្ទុះរីកធំធាត់ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីកសិកររូបនេះ កូនត្រីដែលលោកភ្ញាស់មានច្រើនប្រភេទ ប៉ុន្តែកូនត្រីដែលមានទីផ្សារល្អជាងគេ គឺកូនត្រីអណ្តែង ឯការបង្កាត់ពូជត្រីនេះម្តងអាចភ្ញាស់បានកូនពី ៥ទៅ១០ម៉ឺនកូន ខណៈដែលត្រីផ្សេងទៀត គាត់ចិញ្ចឹមមេដើម្បីអូសយកកូនតែម្តង។

កសិកររូបនោះបានបញ្ជាក់ថា ការចិញ្ចឹមក៏ដូចជាភ្ញាស់កូនត្រី កត្តាទឹកស្អាតជារឿងសំខាន់បំផុត ដែលអាចធ្វើឲ្យកូនត្រីភ្ញាស់បានល្អ និងធំធាត់លឿន។ ហើយដើម្បីភ្ញាស់ឲ្យទាន់ភ្ញៀវត្រូវធ្វើការបញ្ជាទិញ កន្លះខែ ឬ១ខែមុន។ បច្ចុប្បន្នលោកនៅតែអាចមានលទ្ធភាពបង្កើនការភ្ញាស់កូនត្រីបាន ប្រសិនបើមានតម្រូវការបន្ថែម។ បើតាមការបញ្ជាក់ របរភ្ញាស់ត្រីអាចអាចធ្វើឲ្យកសិកររូបនោះ រកចំណូលបានពី ២ទៅ៣លានក្នុងមួយខែ។ លោក ចាន់ ឌី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ពិសេសមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយស្វែងរកទីផ្សារជូនលោក។

លោក ចាន់ ឌី គាត់លើកទឹកចិត្តឲ្យប្រជាកសិករគ្រប់រូបប្រឹងប្រែងដាំ និងចិញ្ចឹម ហើយសូមកុំពឹងតែលើការនាំចូលបន្លែត្រីសាច់ពីក្រៅប្រទេស ចំណែកអ្នកទទួលទានសូមជួយគាំទ្រផលិតផលរបស់កសិករយើង ដើម្បីលើកទឹកចិត្តកសិករឲ្យបង្កើនការដាំ និងចិញ្ចឹមបានកាន់តែច្រើន ជួយលើកកម្ពស់សេដ្ឋកិច្ចកសិករឲ្យកាន់តែប្រសើរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម